
អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ


កញ្ញា ខេង ម៉ីលីង
កញ្ញា ខេង ម៉ីលីង បានចាប់ផ្តើមមានចិត្តស្រឡាញ់ និងចូលរួមការងារសង្គមចាប់តាំងពីកញ្ញាបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ២០១៩មកម្ល៉េះ។ ក្រោយមក ទោះបីជាកញ្ញាកំពុងរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ក៏កញ្ញាតែងតែឆ្លៀតឱកាសចូលរួមក្នុងការងារសង្គមជាបន្តបន្ទាប់ ដូចជាសកម្មភាពជាអ្នកស្ម័គ្រចិត្ត វគ្គបណ្តុះបណ្តាល ការប្រកួតអំណាន ប្រកួតនិយាយជាសាធារណៈ(Public Speaking) និងការប្រកួតជជែកដេញដោល (Debating) ជាដើម។
កញ្ញាតែងតែដឹងច្បាស់អំពីខ្លួនឯងថា គោលបំណងរបស់ខ្លួនក្នុងមួយជីវិតនេះគឺដើម្បីចូលរួមបម្រើផលប្រយោជន៍ពលរដ្ឋជាសាធារណៈ និងធានាថាមនុស្សគ្រប់គ្នាអាចរស់នៅក្នុងសង្គមមួយដែលមានសិទ្ធិសើ្មគ្នា។ កញ្ញាបានចាប់ផ្តើមប្រកបអាជីពដំបូងជាគ្រូបង្រៀន ហើយក្រោយមកបានផ្លាស់ប្តូរមកជាអ្នកធ្វើការងារសង្គមវិញ។ ម៉ីលីងមានជំនឿថា មនុស្សគ្រប់រូបនៅលើភពផែនដីនេះ ត្រូវការបន្លឺសំឡេងរបស់ខ្លួន ម្ល៉ោះហើយកញ្ញានឹងនៅទីនេះ ដើម្បីជួយពួកគេឱ្យសំឡេងទាំងនោះ ត្រូវបានបន្លឺឡើង និងត្រូវបានទទួលយកចិត្តទុកដាក់ស្តាប់។