top of page
305259722_156425220406852_81315553095105

កម្មវិធីបណ្តាញ និងតស៊ូមតិ ស្ថិតនៅក្រោមការដឹកនាំដោយលោក សាន់​ ម៉ាឡា អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបនៅកម្ពុជា។ 

លោក សាន់ ម៉ាឡា បានចូលប្រឡូកក្នុងការងារជាអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន អស់រយៈកាលជាងមួយទស្សវត្សន៍មកឡើយ។ កាលពីខែសីហា ឆ្នាំ២០១៥  លោកសាន់ ម៉ាឡា រួមជាមួយសហការីពីររូបផ្សេងទៀត ត្រូវបានផ្តន្ទាទោសយ៉ាងអយុត្តិធម៌ ក្រោយពួកគេរួមនឹងសហគមន៍មូលដ្ឋានបានធ្វើការតស៊ូមតិដើម្បីបញ្ឈប់ការបូមខ្សាច់នៅទូទាំងខេត្តកោះកុង។ 

លោកសាន់​ ម៉ាឡានៅតែបន្តបេសកកម្ម និងភាពសកម្មនិយមរបស់ខ្លួនដោយគ្មានការភ័យខ្លាច និងស្ទាក់ស្ទើរ។ រឿងរ៉ាវតស៊ូរបស់លោក រួមនឹងសហការីត្រូវបានចងក្រងបោះពុម្ពផ្សាយនៅក្នុងសៀវភៅដែលមានចំណងជើងថា "នៅពីក្រោយវាំងននខ្មៅ" កាលពីឆ្នាំ២០២២។ 

នៅក្នុងបុព្វហេតុដើម្បីសិទ្ធិមនុស្ស និងបរិស្ថាន លោកសាន់ ម៉ាឡា បានរួមចំណែកបង្កើតនូវសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើនដូចជា ការចូលរួមសង្គ្រោះតំបន់អារ៉ែងពីការសាងសង់ទំនប់វារីអគ្គិសនី ការបញ្ឈប់ការបូមខ្សាច់នៅទូទាំងខេត្តកោះកុង និងយុទ្ធនាការការពារព្រៃឈើតូចធំជាច្រើនទៀត។ 

សកម្មភាពរបស់ពួកយើង

 

ជំរុំសិទ្ធិបាល

សិទ្ធិបាល មានន័យថា "អ្នកការពារសិទ្ធិ" ជាភាសាខ្មែរ។ ជំរំសិទ្ធិបាល គឺជាព្រឹត្តិការណ៍ដែលផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីកៀងគរយុវជន សកម្មជន និងអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យមកជួបជុំគ្នាក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងស្វែងរកដំណោះស្រាយរួមគ្នាក្នុងការកសាងសង្គម និងពង្រីករង្វង់សិទ្ធិពលរដ្ឋ សេរីភាពនៃការបញ្ចេញមតិ ដែលបច្ចុប្បន្នកំពុងរួមតូច បង្កើតផលប៉ះពាល់អវិជ្ជមានដល់ជីវិត និងការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

 

គោលបំណង

  • ផ្តល់ឱកាសដល់យុវជន សកម្មជន និងអ្នកជំនាញបានជួប និងពិភាក្សាដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរទស្សនៈ និងទស្សនៈស្តីពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

  • ពង្រឹងបណ្តាញយុវជនសកម្ម និងពង្រឹងសាមគ្គីភាពក្នុងចំណោមអ្នកចូលរួម។

  • ពិភាក្សា និងកំណត់ដំណោះស្រាយជាវិជ្ជមាន ដើម្បីបង្កើនការចូលរួមរបស់យុវជន និងប្រជាពលរដ្ឋក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

  • រួមចំណែកដល់ការពង្រីកទីធ្លាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការថមថយរបស់វាពីមួយថ្ងៃទៅមួយថ្ងៃ។

 

វគ្គបណ្តុះបណ្តាលច្បាប់ 

យើងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី "សិទ្ធិរដ្ឋធម្មនុញ្ញ និងសិទ្ធិជាមូលដ្ឋាននៃពលរដ្ឋកម្ពុជា" ដែលក្នុងនោះក៏រួមបញ្ចូលទាំងច្បាប់ជាតិ និងយន្តការណ៍អន្តរជាតិនានា គោលនយោបាយស្តីពីការគាំពារបរិស្ថានផងដែរ។ ក្រោយចូលរួមជាមួយវគ្គបណ្តុះបណ្តាលនេះរួច យុវជន និង សហគមន៍មូលដ្ឋានរំពឹងទុកថានឹងចែករំលែកបន្តនូវចំណេះដឹងមួយនេះទៅកាន់បណ្តាញរបស់ពួកគេ ព្រមទាំងយកវាជាមូលដ្ឋាននៅក្នុងការតស៊ូមតិដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងការពារនូវផលប្រយោជន៍ស្របច្បាប់របស់ពួកគេពីការរំលោភបំពានផងដែរ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅក្នុងគោលបំណងដើម្បីពង្រឹងការចូលរួមរបស់យុវជននៅក្នុងកិច្ចការពារបរិស្ថាន និងសិទ្ធិមនុស្ស និងដើម្បីកសាងនូវគ្រឹះដ៏រឹងមាំមួយនៅក្នុងសង្គមប្រជាធិបតេយ្យដែលប្រជាពលរដ្ឋគ្រប់រូបយល់ដឹងអំពីសិទ្ធិ និងអាចអនុវត្តនូវសិទ្ធិទាំងនោះដើម្បីការពារខ្លួនរបស់ពួកគេពីការជិះជាន់ និងកេងប្រវ័ញ្ច។ 

ការតស៊ូមតិដើម្បីបរិស្ថាន និងសិទ្ធិមនុស្ស

 

PED បានចូលរួមតស៊ូមតិយ៉ាងសកម្មដើម្បីបរិស្ថាន និងសិទ្ធិមនុស្សតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ពួកយើង និងការបោះពុម្ពផ្សាយសៀវភៅស្តីអំពីជីវភាពរបស់អ្នកទោសមនសិការនៅក្នុងពន្ធនាគារ ដើម្បីសម្តែងនូវការដឹងគុណ​ ក៏ដូចជាការចូលរួមលើកកម្ពស់ដល់យុវជន និងសកម្មជនដែលក្លាហានហ៊ានអនុវត្តន៍នូវសិទ្ធិសេរីភាពស្របច្បាប់របស់ខ្លួន ដោយគ្មានការភ័យខ្លាច​ដើម្បីការពារ និងផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន។ និងការចូលរួមលើកតម្កើងសិទ្ធិមនុស្ស និងចូលរួមតស៊ូមតិដើម្បីសេរីភាពបញ្ចេញមតិ នៅក្នុងបរិបទដែលធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ។ 

bottom of page