
អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ

ការពារអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន
1 . ចងក្រងប្រវត្តិសកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស


នៅក្នុងឆ្នាំ២០២៣ អង្គការFreedom Houseបានផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជាថាជាប្រទេសមិនមានសេរីភាព ដែលទទួលពិន្ទុត្រឹមតែ២៤/១០០ ជាពិសេសអង្គការមួយនេះក៏បានផ្តល់ចំណាត់ថ្នាក់ដោយកម្ពុជាទទួលបានពិន្ទុត្រឹមតែ៥/៤០ស្តីពីសិទ្ធិនយោបាយ និងពិន្ទុ១៩/៦០ស្តីពីសេរីភាពពលរដ្ឋ។ បន្ថែមលើសពីនេះទៅទៀត អង្គការតម្លាភាពអន្តរជាតិបានផ្តល់ចំណាត់ថ្នាក់កម្ពុជាទី១៥០/១៨០ប្រទេស ដែលជាប្រទេសដែលមានអំពើពុករលួយខ្លាំងបំផុតមួយ។
យោងតាមទិន្នន័យរបស់អង្គការសិទ្ធិមនុស្ស LICADHO បច្ចុប្បន្ននេះកម្ពុជាមានអ្នកទោសមនសិការសរុបចំនួន៦៥នាក់ ក្នុងនោះអ្នកទោសនយោបាយចំនួន៣៥នាក់ អ្នកទោសជាសកម្មជនបរិស្ថានចំនួន៥នាក់ សហជីពចំនួន២នាក់ សកម្មជនដីធ្លីចំនួន២នាក់ និងអ្នកទោសផ្សេងៗទៀតចំនួន២១នាក់។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏គួរឲ្យបារម្ភមួយនេះ PED បានផ្តួចផ្តើមរៀបចំចុះក្រងក្រងនូវប្រវត្តិរបស់អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស នៅក្នុងគោលបំណងដើម្បីទទួលស្គាល់នូវវីរភាព ផ្តល់កិត្តិយសទៅលើការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់សកម្មជនទាំងអស់នោះនៅក្នុងបុព្វហេតុដើម្បីសង្គមជាតិ។ គម្រោងចុះចងក្រងនេះផ្តោតជាពិសេសទៅលើរឿងរ៉ាវតស៊ូ និងភាពជោគជ័យរបស់ពួកគេ បញ្ហាប្រឈមនានាផងដែរ ដើម្បីបោះពុម្ពផ្សាយ និងចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់យើងទៅកាន់សាធារណជន។
បន្ថែមលើសពីនេះទៅទៀត គម្រោងមួយនេះក៏នឹងប្រមូលនូវទិន្នន័យសំខាន់ៗផ្សេងៗនៃសកម្មជនវ័យក្មេង ដើម្បីងាយស្រួលទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់ពួកគេ និងផ្តល់ទិន្នន័យបឋមទៅកាន់ស្ថាប័នសិទ្ធិមនុស្សពាក់ព័ន្ធដើម្បីជួយអន្តរគមន៍នៅពេលពួកគេជួបប្រទះនូវការគំរាមកំហែងណាមួយដោយសារភាពសកម្មនិយម និងការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់។
រាល់ទិន្នន័យដែលផ្តល់ដោយអ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស នឹងត្រូវរក្សាទុកជាសំងាត់ និងបោះពុម្ពផ្សាយនៅពេលទទួលបានការយល់ព្រមពីពួកគេតែប៉ុណ្ណោះ បន្ទាប់ពីបានវិភាគរួចរាល់នូវហានិភ័យផ្សេងៗ។ ទិន្នន័យទាំងនោះត្រូវបានប្រមូលតាមរយៈសំឡេង វីដេអូ និងការសរសេរ។
ការងារដ៏មានមោទនភាពមួយរបស់ពួកយើង គឺអង្គការPEDបានចូលរួមគាំទ្រជាថវិកា បច្ចេកទេស និងនិពន្ធ នៅក្នុងការបោះពុម្ពផ្សាយសៀវភៅដែលនិយាយអំពីជីវភាពរស់នៅរបស់សកម្មជនបរិស្ថាននៅក្នុងពន្ធនាគារដែលមានចំណងជើងថា "មនុស្សដែលគេយកទៅកែប្រែ"។ សៀវភៅមួយនេះត្រូវបានទទួលស្គាល់ និងផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មានឯករាជ្យជាភាសាខ្មែរដែលរួមមាន RFA Khmer, RFI Khmer។
2. ចុះសួរសុខទុក្ខអ្នកទោសមនសិការតាមពន្ធនាគារ

កាលពីឆ្នាំ២០២៤កន្លងទៅនេះ យើងបានចុះសួរសុខទុក្ខអ្នកទោសមនសិការនៅក្នុងពន្ធនាគារចំនួនបីដង ដែលពួកគាត់ទាំងនោះត្រូវបានផ្តន្ទាទោសដោយសារភាពសកម្មនិយមរបស់ខ្លួន៖
-
ថ្ងៃទី២៨ ខែកក្កដា៖ យើងបានទៅជួបសួរសុខទុក្ខសកម្មជនបរិស្ថាន កញ្ញា ឡុង គន្ធា ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តព្រះវិហារ បន្ទាប់ពីកញ្ញាត្រូវបានតុលាការផ្តន្ទាទោស និងបញ្ជូនចេញពីភ្នំពេញទៅឃុំឃាំងនៅខេត្តព្រះវិហារ។
-
ថ្ងៃទី១៤ ខែកញ្ញា៖ យើងបានធ្វើដំណើរទៅកាន់ខេត្តពោធិសាត់ដើម្បីជួបសួរសុខទុក្ខកញ្ញាភួន កែវរស្មី សកម្មជនបរិស្ថាន។ រស្មីបានចែករំលែកនូវអារម្មណ៍ និងបទពិសោធន៍ដែលនាងជួបប្រទះយ៉ាងជូរចត់នៅក្នុងពន្ធនាគារ។ រឿងរ៉ាវរបស់រស្មីត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌វិទ្យុបារាំងជាខេមរភាសា។ សូមចុចអាននៅទីនេះ។
-
ថ្ងៃទី៩ ខែវិច្ឆិកា៖ យើងបានធ្វើដំណើរទៅជួបលោកយឹម លាងហ៊ី សកម្មជនបរិស្ថានដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។
គោលបំណងនៃការចុះជួបសួរសុខទុក្ខ:
-
តាមដានឃ្លាំមើលអំពីស្ថានភាពទូទៅនៃការជាប់ឃុំ ព្រមទាំងបញ្ហាប្រឈម និងឧបសគ្គនៃអ្នកទោសមនសិការ។
-
តស៊ូមតិដោយអហិង្សាដើម្បីយុត្តិធម៌សម្រាប់អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្សដែលបានលះបង់នូវកម្លាំងកាយចិត្ត និងសេរីភាពដើម្បីសង្គមជាតិ។
-
លើកកម្ពស់ និងពង្រឹងនូវសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងយុវជនដើម្បីចូលរួមសម្តែងមតិ និងគំនិយយោបល់នៅក្នុងការអភិវឌ្ឍសង្គម។
-
3. ការឃ្លាំមើលសិទ្ធិមនុស្ស
PED ចាត់ទុកសកម្មភាពជួបជុំជាសាធារណៈរបស់សកម្មជន និងយុវជន គឺជាផ្នែកមួយនៃការងារជាអាទិ៍ភាពរបស់ខ្លួន ដើម្បីចុះឃ្លាំមើល និងផ្តល់នូវការគាំទ្រផ្នែកស្មារតីដល់ពួកគាត់ ដ្បិតនេះជាការឆ្លុះបញ្ចាំងអំពីផលជះមកលើយុវជននៅក្នុងការហ៊ានអនុវត្តន៍នូវសិទ្ធិសេរីភាពរបស់ខ្លួន ក្រោយពួកគេបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗទៀតទាំងជាមួយអង្គការPED និងស្ថាប័នផ្សេងទៀតដែលជាដៃគូរបស់ពួកយើង។



