top of page

គាំទ្រយុទ្ធនាការណ៍របស់យើង

សង្គ្រោះព្រៃព្រះរការ

យុទ្ធនាការណ៍សង្គ្រោះព្រៃព្រះរការ គឺជាយុទ្ធនាការណ៍មួយដែលសកម្មជនបរិស្ថាន អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានធ្វើការរួមគ្នាដើម្បីរៀបចំការល្បាតព្រៃ ប្រមូលទិន្នន័យអំពីបទល្មើសកាប់បំផ្លាញព្រៃឈើ និងតស៊ូមតិដើម្បីឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងឃ្លាំមើលមន្ត្រីថ្នាក់ក្រោមដើម្បីជៀសវៀងការប្រព្រឹត្តិអំពើពុករលួយ និងគប់គិបគ្នាបំផ្លិចបំផ្លាញព្រៃឈើ។

 

ព្រៃព្រះរការគឺជាព្រៃការពារមួយដែលស្ថិតនៅក្នុងចំណោមព្រៃការពារទាំងប្រាំសំខាន់ៗដែលរួមមាន ព្រៃភ្នំក្រវ៉ាញភាគខាងត្បូង ដែនជម្រកសត្វព្រៃព្រះរការ ព្រៃសៀមប៉ាងខាងលិច ព្រៃវ៉ឺនសៃ។ ព្រៃព្រះការមានទំហំ៩០៣៦១ហិកតា ដែលគ្របដណ្តប់លើស្រុកទាំងបីនៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ភាគខាងជើង​នៃប្រទេសកម្ពុជា។ ព្រៃនេះមានប្រជាជនរស់នៅជុំវិញចំនួន២៦ភូមិ ដែលស្មើនឹង១៥០៤៦នាក់ ក្នុងនោះស្រី៧៨៤៦នាក់។

 

ព្រៃព្រះរការត្រូវបានចុះបញ្ជីជាដែនជម្រកសត្វព្រៃតាមរយៈអនុក្រឹត្យលេខ៧៥អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦​។ ទោះបីព្រៃមួយនេះក្លាយជាតំបន់ការពារធម្មជាតិក្តី ក៏ព្រៃព្រះរការនៅតែបន្តទទួលរងការគំរាមកំហែងដោយសារការបំផ្លិចបំផ្លាញពីសំណាក់ឈ្មួញខិលខូច ដែលជួល និងទទួលទិញឈើពីជនចំណូលស្រុក។ តាមរយៈចម្លើយដែលអ្នកកាប់ឈើបានសារភាពប្រាប់សហគមន៍ អ្នកកាប់ឈើខុសច្បាប់អាចលក់ឈើបានតម្លៃប្រហែលជា៦០ម៉ឺនរៀលក្នុងមួយម៉ែត្រគូប រីឯអ្នករកស៊ីដឹកឈើអាចទទួលបានកម្រៃចំនួន៦ម៉ឺនរៀលក្នុងឈើមួយម៉ែត្រគូបផងដែរ។ 

ការល្បាតព្រៃឈើ

ការល្បាតព្រៃឈើគឺជាសកម្មភាពស្នូលមួយដែលអង្គការPED បានអនុវត្តជាប់ជាប្រចាំជាមួយសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញដែនជម្រកសត្វព្រៃព្រះរការ ដូចជាសហគមន៍ឃុំប្រមេរ និងឃុំម្លូរព្រៃជាដើម។ គោលបំណងនៃការចុះល្បាតនេះរួមមាន៖ 

  • បង្ការបទល្មើសព្រៃឈើ និងឃ្លាំមើលជាប្រចាំនៃស្ថានភាពព្រៃឈើ

  • ប្រមូលទិន្នន័យពាក់ព័ន្ធ និងផ្តល់បច្ចុប្បន្នភាពជូនសាធារណជន 

  • រៀបចំផែនទីផ្លូវព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ

  • ពង្រឹង និងលើកទឹកចិត្តសហគមន៍មូលដ្ឋានឲ្យចូលរួមការពារដែនជម្រកសត្វព្រៃព្រះរការ

ទិន្នន័យដែលប្រមូលបានតាមរយៈការចុះល្បាតនេះ ត្រូវបានរៀបចំនិងផ្តល់ជូនសាធារណជនជ្រាបជាព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់យើង។ 

វគ្គបណ្តុះបណ្តាលការប្រើប្រាស់ GPS សម្រាប់សហគមន៍មូលដ្ឋាន

ដោយសារការរឹតដ្បិតមកលើសហគមន៍មូលដ្ឋាន សកម្មជន និងអង្គការសង្គមស៊ីវិលមិនឲ្យចុះធ្វើសកម្មភាពចូលរួមការពារព្រៃឈើនៅតាមតំបន់ការពារធម្មជាតិតាំងពីឆ្នាំ២០១៩មក អង្គការPEDមានភាពលំបាកនៅក្នុងការចុះទៅប្រមូលទិន្នន័យដែលទាក់ទងទៅនឹងបទល្មើសព្រៃឈើ ម្ល៉ោះហើយយើងបានរៀបចំដំណោះស្រាយថ្មីតាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍មូលដ្ឋានឲ្យចេះពីរបៀបប្រើប្រាស់ជីភីអេស និងរបៀបប្រមូលទិន្នន័យអំពីបទល្មើសព្រៃឈើ។ តាមរយៈវគ្គបណ្តុះបណ្តាលមួយនេះបានផ្តល់ជាគុណប្រយោជន៍ដល់សហគមន៍ដូចជា៖ 

  •  ធ្វើឲ្យប្រសើរឡើងនូវការស្គាល់ទិសដៅច្បាស់លាស់៖ នេះគឺជាចំណេះមូលដ្ឋានសម្រាប់សមាជិកសហគមន៍ជាយុវជនវ័យក្មេងដែលមានបទពិសោធន៍តិចតួចនៅក្នុងព្រៃ ព្រមទាំងជួយដល់សមាជិកសហគមន៍ទាំងមូលឲ្យយល់ច្បាស់អំពីទិសដៅ និងការប្រើប្រាស់ផ្លូវព្រៃប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធិខ្ពស់នៅពេលចុះល្បាត។ 

  • ការប្រមូល និងវិភាគទិន្នន័យ៖ វគ្គបណ្តុះបណ្តាលមួយនេះអាចជួយឲ្យសហគមន៍កត់ត្រា និងប្រមូលទិន្នន័យប្រកបដោយភាពសុក្រិត្យអំពីបទល្មើសព្រៃឈើ និងតំបន់ដែលមានសក្តានុពល។ ទិន្នន័យទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីតស៊ូមតិធ្វើឲ្យប្រសើរឡើងនូវការអនុវត្តគោលនយោបាយនានារបស់ក្រសួងបរិស្ថាន។ 

  • ការពង្រឹងសមត្ថភាព៖ ការផ្តល់វគ្គបណ្តុះបណ្តាលនេះបានជួយពង្រឹងសមត្ថភាព និងអំណាចរបស់សហគមន៍ជាមួយជំនាញដ៏មានសារៈសំខាន់ ចំណេះដឹង និងពង្រឹងលទ្ធភាពនៅក្នុងការគ្រប់គ្រង និងអភិរក្សព្រៃឈើប្រកបដោយប្រសិទ្ធិភាព ព្រមទាំងដើម្បីជាមូលដ្ឋាននៅក្នុងការតស៊ូមតិជាមួយស្ថាប័នពាក់ព័ន្ធផងដែរ។ 

សរុបមកវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយសុវត្ថិភាព ប្រសិទ្ធិភាព និងជួយជម្រុញឲ្យការអភិវឌ្ឍនៅតាមតំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាពផងដែរ។ 

យុទ្ធនាការណ៍សាធារណៈ

PED ធ្វើការយ៉ាងជិតស្និទជាមួយសហគមន៍មូលដ្ឋាន យុវជននៅទីក្រុង និងក្រុមសកម្មជនបរិស្ថាន ដើម្បីសហការរៀបចំយុទ្ធនាការណ៍សាធារណៈទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគោរពសិទ្ធិបរិស្ថានរបស់ប្រជាពលរដ្ឋគ្រប់រូប។ ព្រមទាំងតស៊ូមតិសម្រាប់សហគមន៍មូលដ្ឋាន យុវជន និងអង្គការសង្គមស៊ីវិលអាចចូលទៅធ្វើការនៅក្នុងតំបន់ព្រៃឈើឡើងវិញ​ ដែលមានដូចជាការចុះល្បាត ការរៀបចំកម្មវិធីបំបួសព្រៃឈើ និងឃ្លាំមើលការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ជាដើម។ 

លើសពីនេះទៅទៀត យើងទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញព្រៃឈើ និងទប់ស្កាត់ការរត់ពន្ធឈើដោយខុសច្បាប់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជិតខាងផងដែរ។ 

យើងរៀបចំយុទ្ធនាការណ៍ទាំងការជួបជុំដោយផ្ទាល់ និងកម្រិតអនឡាញនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់យើង ដែលតែងតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់មហាជនខ្មែរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។​

Mala taking photo with a big tree that have been cut down in Prey Preah Roka
PED team found illegal logging in the protected area
PED provide GPS Training for local communities
PED provide GPS Training for local communities
A march to ministry of environment
Activists conducted forest funeral and marching to ministry of environment
5I2A7822-1.jpg
bottom of page