អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ


កម្មវិធី
កម្មវិធីបណ្តាញ និងតស៊ូមតិ
កម្មវិធីបណ្តាញ និងតស៊ូមតិ ស្ថិតនៅក្រោមការដឹកនាំដោយលោក សាន់ ម៉ាឡា អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបនៅកម្ពុជា។
កម្មវិធីរបស់យើងបែងចែកជាបីគម្រោងធំៗនិងសំខាន់ៗដូចខាងក្រោមនេះ៖
ការពារអ្នការពារបរិស្ថាន និងសិទ្ធិមនុស្ស៖ គម្រោងមួយនេះធ្វើឡើងនៅក្នុងគោលបំណងដើម្បីផ្តល់នូវការគាំទ្រ និងលើកទឹកចិត្ត ព្រមទាំងធ្វើយុទ្ធនារការណ៍ដើម្បីតស៊ូមតិទាមទារយុត្តិធម៌ជូនដល់សកម្មជនជួរមុខដែលត្រូវបានផ្តន្ទាទោសដោយសារភាពសកម្មនិយមរបស់ពួកគេ។ ជាពិសេសគម្រោងមួយនេះក៏ធ្វើការចងក្រងនូវរឿងរ៉ាវតស៊ូ បញ្ហាប្រឈម និងបទពិសោធន៍របស់ពួកគេនៅក្នុងការងារសិទ្ធិមនុស្ស និងបរិស្ថានផងដែរ។ រឿងរ៉ាវទាំងនោះត្រូវបានផ្សព្វផ្សាយតាមរយៈការបោះពុម្ពជាសៀវភៅ និងការផ្សព្វផ្សាយនៅលើថ្នាលឌីជីថលរបស់អង្គការPED។
ការកសាងសមត្ថភាព៖ យើងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី "សិទ្ធិរដ្ឋធម្មនុញ្ញ និងសិទ្ធិជាមូលដ្ឋាននៃពលរដ្ឋកម្ពុជា" ដែលក្នុងនោះក៏រួមបញ្ចូលទាំងច្បាប់ជាតិ និងយន្តការណ៍អន្តរជាតិនានា គោលនយោបាយស្តីពីការគាំពារបរិស្ថានផងដែរ។ ក្រោយចូលរួមជាមួយវគ្គបណ្តុះបណ្តាលនេះរួច យុវជន និងសហគមន៍មូលដ្ឋានរំពឹងទុកថានឹងចែករំលែកបន្តនូវចំណេះដឹងមួយនេះទៅកាន់បណ្តាញរបស់ពួកគេ ព្រមទាំងយកវាជាមូលដ្ឋាននៅក្នុងការតស៊ូមតិដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងការពារនូវផលប្រយោជន៍ស្របច្បាប់របស់ពួកគេពីការរំលោភបំពានផងដែរ។
ការបង្កើនការចូលរួមជាសាធារណៈនៅក្នុងកិច្ចការពារបរិស្ថាន និងសិទ្ធិមនុស្ស៖ ដើម្បីលើកតម្កើង និងលើកកម្ពស់នូវសេរីភាពសម្តែងមតិ និងសេរីភាពនៅក្នុងការជួបជុំ អង្គការPEDបានផ្តល់នូវការគំាទ្រយ៉ាងសកម្ម នៅក្នុងការសហការរៀបចំ ចុះឃ្លាំមើលការជួបជុំជាសាធារណៈរបស់យុវជន សកម្មជន និងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យបរិស្ថាន និងសិទ្ធិមនុស្ស។
កម្មវិធីប្រព័ន្ធផ្សព្វផ្សាយ
គម្រោងរបស់ពួកយើង
វគ្គបណ្តុះបណ្តាលផ្នែកប្រព័ន្ធផ្សព្វផ្សាយដល់សកម្មជន និងសហគមន៍មូលដ្ឋាន៖ អង្គការPEDផ្តល់នូវវគ្គបណ្តុះបណ្តាលដែលផ្តោតលើជំនាញដូចជាការថតរូប ការផលិតវីដេអូតាមរយៈទូរស័ព្ទដៃ ការសរសេរដំណឹងខ្លី និងការរាយការណ៍ព័ត៌មានជាដើម។ វគ្គបណ្តុះបណ្តាលទាំងនេះផ្តល់ជូនសម្រាប់ក្រុមគោលដៅរបស់ពួកយើងនៅខេត្តព្រះវិហារ និងរាជធានីភ្នំពេញ។
ការផលិតវីដេអូ៖ យើងផលិតវីដេអូខ្លី និងមធ្យមដែលផ្តោតទៅលើបញ្ហាបរិស្ថាន សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លើសពីនេះទៅទៀត យើងចុះឃ្លាំមើល និងផ្តិតយកវីដេអូអំពីការជួបជុំដោយសន្តិវិធី និងចែករំលែកនូវវីដេអូទាំងនោះទៅកាន់មហាជន។