top of page

ការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥

Updated: Aug 28

រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥


សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជនចំនួន៧ស្ថាប័ន ​​នឹងប្រារព្ធទិវាបរិស្ថានពិភពលោកខួបលើកទី២៩ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមមូលបទស្តីពី «គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត» នៅភោជនីយដ្ឋានទន្លេរបាសាក់២ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង១ រសៀល ដល់ម៉ោង​ ៥ល្ងាច។ ការរៀបចំទិវានេះធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗចំនួន៤


៖ ១) ដើម្បីអបរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ នៅប្រទេសកម្ពុជា, ២) ជំរុញ​ការអនុវត្តគោលនយោបាយជាតិ អន្តរជាតិព្រមទាំងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ, ៣) លើ​ក​ក​ម្ព​ស់​កា​រ​ចូ​ល​រួ​ម​ពីសាធារណជនក្នុងការតាមដានការអនុវត្តគោលនយោបាយដើម្បីរក្សាបរិស្ថានស្អាត និងការការពារធនធានធម្មជាតិ ជាពិសេសក្រើនរំលឹក​ពីផលប៉ះពាល់ដោយសារការប្រើប្រាស់ប្លាស្ទិក និងការបំពុលខ្យល់, និង ៤) ប្រមូលធាតុចូលពីប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន យុវជន ជាពិសេសសជនងាយរងគ្រោះដើម្បីដាក់បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាប្រឈម សំណូមពរដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយបរិស្ថាន ​និងធនធានធម្មជាតិ។ 


ក្នុងអំឡុងពេលប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះ យើងខ្ញុំ​នឹងមានការរៀបចំសកម្មភាពរួមមាន៖ ១) ការសម្តែងល្ខោនជីវិតឆ្លុះបញ្ចាំងអំពីផលប៉ះពាល់ដោយសារបំពុលបរិស្ថាន, ២) កិច្ចពិភាក្សាតុមូលស្តីពីកំណើននៃការបំពុលបរិស្ថាន និងដំណោះស្រាយ, ៣) កិច្ចពិភាក្សាក្រុមតូចឆ្លុះបញ្ចាំងពីទស្សនយុវជន សហគមន៍មូលដ្ឋានជុំវិញបរិស្ថាន, ៤) តាំងពិព័រណ៍កូនឈើ និងឆ្លើយសំណួរយករង្វាន់,​ និង ៥) ចម្រៀងយុវជនបរិស្ថាន។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមយុទ្ធនាការដើម្បីអបអរសាទរទិវាបរិស្ថានឆ្នាំ២០២៥ នេះ លោកអ្នកគ្រាន់តែបង្ហោះសាររបស់ខ្លួន និងរូបភាពបង្ហាញពីការចូលរួមការពារសិទ្ធិបរិស្ថាន  ការទប់ស្តាត់ បម្រែបម្រួលអាកាសធាតុ ការចូលរួមការពារធនធានធម្មជាតិ និងព្រៃឈើដែលភ្ជាប់ជាមួយពាក្យមួយឃ្លាថា​ «គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត» ជាការស្រេច។


អាស្រ័យដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ សូមអជ្ញាធរ អ្នកសារព័ត៌មាន និងសាធារណជន អញ្ជើញចូលរួម និងជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖​

   ១. លោក សាន់ ម៉ាឡា អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ទូរសព្ទលេខ​ ០១៥ ៩៩៨ ៥៥៥

   ២.​ លោក វណ្ណ ប៊ុនណា សមាគមបណ្តាញយុវជនកម្ពុជា ទូរសព្ទលេខ ០៨៥ ៨២៨ ២៧៧

   ៣. លោក វណ្ណ សុផាត​ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ទូរសព្ទលេខ ០១២ ៩៤១ ២០៦

 

Comments


bottom of page