top of page

តុលាការ​នឹង​បន្ត​បើក​សវនាការ​លើ​ការ​ស្នើ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនៅថ្ងៃទី០៣ ខែ​កញ្ញា

Updated: Aug 29

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៧ ខែសីហា បាន​បើក​សវនាការ​លើ​សំណុំ​រឿង«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»ពាក់ព័ន្ធ​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

របស់​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន លោក សាន សិទ្ធ និង​កញ្ញា ភឹង សោភា ព្រម​ទាំង​សកម្មជន​សង្គម​លោក ធែល ធីលែន។


ក្នុង​បន្ទប់​សវនាការ​សហ​មេធាវី​របស់​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​លើក​យក​មាត្រា៣០៧នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដើម្បី​ស្នើ​ដោយ​ផ្ទាល់​មាត់​ឱ្យ​តុលាការ​ជំនុំជម្រះ​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ មុន​ពេល​ជំនុំជម្រះ​លើ​អង្គសេចក្ដី​នៃ​សំណុំ​រឿង​ដោយ​មេធាវី​សំអាង​ថា ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​បាន​ធ្វើ​ឡើង​លើស​ពី​នីតិវិធី​ច្បាប់។


លោក​បន្ថែម​ថា កូន​ក្ដី​របស់​លោក​កំពុង​មាន​បញ្ហា​សុខភាព ដោយសារ​ការ​រស់នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត​ណែន និង​គ្មាន​អនាម័។ បន្ទាប់មក​ចៅក្រម​ជំនុំជម្រះ​បាន​ទុក​ពេល​ឱ្យ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើក​ឡើង​ពី​ហេតុផល​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ខ្លួន។


លោក ស្រ៊ុន ស្រ៊ន បាន​លើក​ឡើង​ថា តុលាការ​គួរតែ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ ដោយ​លោក​ផ្សព្វផ្សាយ​អំពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសនេះ គឺ​ក្នុង​គោលបំណង​ឱ្យ​ពលរដ្ឋ​ស្វែងយល់​អំពី​ច្បាប់​តែ​ប៉ុណ្ណោះ។ ចំណែក​កញ្ញា ភឹង សោភា ថ្លែង​នៅ​ចំពោះ​មុខ​ចៅក្រម​ថា កញ្ញា​បាន​ទទួល​លិខិត​បញ្ជាក់​ពី​អត្តចរិត​ល្អ​របស់​កញ្ញា​ពី​មន្ត្រី​ពន្ធនាគារ ហើយ​ប្រសិនបើ​កញ្ញា​ពិត​ជា​មាន​ចេតនា​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ នោះ​មន្ត្រី​ពន្ធនាគារ​ក៏​មិន​ចេញ​លិខិត​បញ្ជាក់​ពី​អត្តចរិត​ល្អ​ឱ្យ​កញ្ញា​នោះ​ដែរ។ ដោយ​ឡែក​លោក សាន សិទ្ធ បាន​ថ្លែង​ថា តុលាការ​គួរតែ​ដោះលែង​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ ពីព្រោះ​លោក​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ជាពិសេស​លោក​ឈឺ​ត្រចៀក​ដែល​អាច​ប៉ះពាល់​ដល់​ការ​ស្តាប់​របស់​លោក។


សវនាការ​លើក​នេះ​មន្ត្រី​ពន្ធនាគារ​ក៏​បាន​ដឹក​សកម្មជន​សង្គម​លោក ធែល ធីលែន មក​ចូលរួម​សវនាការ​ក្នុង​សំណុំ​រឿង«ញុះញង់»នោះ​ផង​ដែរ។ ពាក់ព័ន្ធ​រឿង​របស់​លោក ធែល ធីលែន តុលាការ​បាន​រក្សា​ការ​ចោទ​ប្រកាន់​លោក​ពី​បទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»ក្នុង​អំឡុង​ពេល​លោក​បាន​បង្ហោះ​វីដេអូ​បង្ហាញ​កង្វល់​ពី​វាសនា​ខេត្ត​ទាំង​៤​របស់​ខ្មែរ​ដែល​គ្រោង​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍CLV។ ភ្លាមៗ លោក ធែល ធីលែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ស្គាល់​លោក ស្រ៊ុន ស្រ៊ន និង​ញុះញង់​ឱ្យ​ពលរដ្ឋ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឡើយ។ លោក ធែល ធីលែន ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​អាច​ឱ្យ​លោក​មាន​ឱកាស​ទទួល​បាន​ការ​ព្យាបាល​សុខភាព​របស់​លោក ពីព្រោះ​លោក​មាន​បញ្ហា​សុខភាព និង​ដួល​សន្លប់​ជា​ញឹកញាប់។


ក្នុង​សវនាការ​នេះ​មាន​សាច់ញាតិ និង​អ្នក​គាំទ្រ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ឃ្លាំ​មើល​ប្រមាណ​ជាង​៧០នាក់​ផង​ដែរ។


មន្ត្រី​គោល​នយោបាយ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃ​គូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ ហៅ​កាត់​ថាPED ដែល​បាន​ចូលរួម​ឃ្លាំ​មើល​សវនាការ កញ្ញា ហេង គឹម សួរ យល់​ឃើញ​ថា សកម្មភាព​ដែល​ក្រុម​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន បាន​ធ្វើ​គឺ​នៅ​ក្នុង​គោលបំណង​បារម្ភ​អំពី​ជោគវាសនា​របស់​ជាតិ និង​គិតគូរ​ពី​បញ្ហា​ជាតិ​តែប៉ុណ្ណោះ។ កញ្ញា​ស្នើ​ឱ្យ​តុលាការ​គួរតែ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។


គិត​មក​ទល់​ពេល​នេះ​តុលាការ​បាន​ឃុំ​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ មាន​រយពេលៈជាង១ឆ្នាំ​មក​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពួកគេ​កាល​ពី​ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០២៤ បន្ទាប់​ពី​លោក ស្រ៊ុន ស្រ៊ន បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​អំពី​ការ​បញ្ចូល​ខេត្ត​ចំនួន​៤​របស់​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ជាមួយ​វៀតណាម និង​ឡាវ (CVL) មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វី​ខ្លះ?


ដោយឡែក​សកម្មជន​សង្គម​លោក ធែល ធីលែន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កណ្ដាល​​ចាប់ខ្លួន​ជា​លើក​ទី​២ កាល​ពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោយ​ពេល​លោក​បង្ហាញ​កង្វល់​ពី​វាសនា​ខេត្ត​ទាំង​៤​របស់​ខ្មែរ ដែល​គ្រោង​ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​CLV។ បច្ចុប្បន្ន​នេះ​លោក ធែល ធីលែន កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ក្នុង​រាជធានី​ភ្នំពេញ។


ថ្វីត្បិត​តែ​កម្ពុជា​បាន​ប្រកាស​ដក​ចេញ​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍CLV ក្ដី​ក៏​រដ្ឋាភិបាល​នៅ​មិន​ទាន់​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ទាំង​នោះ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ឡើងវិញ​នោះ​ដែរ៕

Comments


bottom of page