សេចក្ដីថ្លែងការណ៍រួម: បួនឆ្នាំនៃកូដកម្មនៅណាហ្គាវើលដ៏(Naga World)" យើងរួបរួមជាតិ ដោយចាប់ផ្តើមដោះស្រាយវិវាទនៅណាហ្គាវើលដ៏ "រាជធានីភ្នំពេញ,ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
- PED Cambodia

- Jan 20
- 2 min read
រាជធានីភ្នំពេញ,ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
ចាប់តាំងពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គឺគម្រប់៤ឆ្នាំហើយ ដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញមកធ្វើកូដកម្ម ដើម្បីទាមទារយុត្តិធម៌ ការពារសិទ្ធិការងារ ព្រមទាំងការពារសេរីភាពសហជីពឯករាជ្យ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) ដែលតែងតែត្រូវបានក្រុមហ៊ុនរិះរកវិធីសាស្ត្រក្នុងការបញ្ឈប់ បណ្តេញចេញ ធ្វើទុក្ខបុកម្នេញពីមួយជំនាន់ ទៅមួយជំនាន់ ក្នុងការប៉ុនប៉ងរំលាយសហជីពដែលបង្កើតឡើងដោយការព្រមព្រៀងរបស់កម្មករ ដោយយកមូលហេតុមិនត្រឹមត្រូវជាច្រើន ចាប់តាំងពីឆ្នាំ២០០៩ រហូតមក។
រយៈពេល៤ឆ្នាំមកនេះ វិវាទការងារមួយនេះនៅមិនទាន់ត្រូវបានដោះស្រាយចេញនៅឡើយ សូម្បីតែមួយចំណុចនៃការទាមទាររបស់កម្មករនិយោជិត។ មិនត្រឹមតែមិនទទួលបានដំណោះស្រាយសមរម្យពីក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាល អំឡុងពេលនៃការធ្វើកូដកម្ម ក្រុមកូដករដែលភាគច្រើនសុទ្ធសឹងជាស្ត្រី តែងតែរងនូវការ បង្ក្រាបដោយអំពើហិង្សា និងការបៀតបៀនពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្តាលឲ្យកូដករជាច្រើននាក់បានរងរបួសស្នាមលើរាងកាយ បែកហូរឈាមលើដងផ្លូវសាធារណៈ ព្រមទាំងធ្វើឲ្យកូដករស្រ្តីម្នាក់រលូតកូនបើទោះជាមានការស្រែកប្រាប់ថា គាត់កំពុងមានផ្ទៃពោះក្តី ដោយសារការរុញច្រានដ៏ហិង្សាពីកងកម្លាំងរបស់អាជ្ញាធរ នៅពេលដែលបង្ខំឱ្យកូដករចូលឡានក្រុងរបស់រដ្ឋដើម្បីដឹកយកទៅចាក់ចោលនៅជាយក្រុង។
មិនត្រឹមតែប៉ុណ្ណោះ តំណាងសហជីព និង សកម្មជនសហជីពចំនួន ១១រូប ត្រូវបានតុលាការចោទប្រកាន់ដោយមិនត្រឹមត្រូវ និងចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ ។ ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការចាប់ខ្លួន ចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ផ្តន្ទាទោសដាក់ពន្ធនាគារ និងបង្ខំឲ្យអនុវត្តទោសចំនួន២ឆ្នាំក្នុងពន្ធ នាគារ រីឯសមាជិកសហជីពជាស្ត្រីដែលសកម្មក្នុងការតវ៉ា ចំនួន១៣រូប ផ្សេងទៀតក៏ត្រូវបានក្រុមហ៊ុនប្តឹងពីបទរំលោភលើលំនៅដ្ឋាន អំឡុងពេលពួកគាត់កំពុងអនុវត្តន៍សិទ្ធិកូដកម្មនៅខាងមុខក្រុមហ៊ុន ស្របតាមច្បាប់ស្តីពីការងារ។
បើទោះបីជាមានការរៀបចំឲ្យមានកិច្ចប្រជុំដោះស្រាយដោយក្រសួងការងារកន្លងមកក្តី ប៉ុន្តែក្រសួងមិនបានបំពេញតួនាទីអព្យាក្រិតក្នុងនាមជាអាជ្ញាកណ្តាល និងអនុវត្តន៍ច្បាប់ឱ្យបានត្រឹមត្រូវឡើយ ផ្ទុយទៅវិញក្រសួងបែរជាគាំទ្ររាល់គ្រប់ជំហររបស់ភាគីក្រុមហ៊ុន ដូចជាបង្ខំឲ្យទាំងបុគ្គលិក និងថ្នាក់ដឹកនាំសហជីពទទួលយកប្រាក់សំណងរបស់ក្រុមហ៊ុន ទាំងដែលថ្នាក់ដឹកនាំសហជីព ត្រូវបានការពារពិសេសនៅក្នុងច្បាប់ក៏ដោយ ។ មិនតែប៉ុណ្ណោះក្រសួងក៏បានបញ្ជាឲ្យបង្កកភាគទានសហជីព និង មិនទទួលស្គាល់អាណត្តិថ្នាក់ដឹកនាំជាប់ឆ្នោតថ្មីរបស់សហជីពឡើយ។
ចាប់តាំងពីឆ្នាំ២០២២មក សកម្មភាពគម្រាមកំហែង បំភិតបំភ័យ និងរំលោភបំពាន ការអូសបន្លាយមិនដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏ ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចោទប្រកាន់ថ្នាក់ដឹកនាំសហជីពទាំងនេះ ត្រូវបានអគ្គលេខាធិការអង្គការអន្តរជាតិខាងការងារ (ILO) លើកឡើង និងទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គោរពសិទិ្ធការងារ សិទិ្ធជួបប្រជុំ និងសិទិ្ធសេរីភាពចងក្រងសហជីព ក៏ដូចជាដោះលែង និង ទម្លាក់បទចោទលើតំណាង និងសមាជិកសហជីពទាំងនោះ ។ បន្ថែមពីលើនេះគណៈកម្មការជាច្រើនរបស់អន្តរជាតិខាងការងារ (ILO) ក៏បានចេញជាអនុសាសន៍ចំនួន៤ដង ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទនេះស្របតាមអនុសញ្ញាស្នូលរបស់(ILO) ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ លើសពីនេះទៀតក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ និង រដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យជាច្រើន ក៏បានចេញសេចក្តីថ្លែងការណ៍ និង ទាមទារឲ្យទម្លាក់បទចោទលើថ្នាក់ដឹកនាំ(LRSU) គោរពសិទិ្ធធ្វើកូដកម្មដោយសន្តិវិធី និង សេរីភាពចងក្រងសហជីពរបស់កម្មករនិយោជិតផងដែរ ។ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានអើពើនឹងអនុសាសន៍ទាំងនោះឡើយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកថ្មីៗនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីលក្ខខណ្ឌក្នុងការគោរពសិទ្ធិការងារ ព្រមទាំងដោះស្រាយករណីរំលោភសិទ្ធិការងារកន្លងមកដែលមិនទាន់បានដោះស្រាយផងដែរ ។ ចំណែកឯសហគមន៍អឺរ៉ុប ក៏នៅតែបន្តការអនុះគ្រោះពន្ធនាំចូលដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ(EBA) ទោះបីជាសហគមន៍នេះបានដាក់ពន្ធ ២០% ដោយមូលហេតុនៃការបន្តរំលោភសិទិ្ធមនុស្ស សិទិ្ធការងារ ដោយរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ។ ការបន្តអូសបន្លាយ ដោយមិនដោះស្រាយវិវាទមួយនេះ នឹងប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជាការវិនិយោគនានាពីប្រទេសដែលគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក និង សហគមន៍អ៊ឺរ៉ុប ។
អស់រយៈពេល បួនឆ្នាំមកហើយ ដែលនិទណ្ឌភាពនៅតែត្រូវបានអនុវត្តលើនិយោជកចំពោះការរំលោភច្បាប់ការងារ និងការបរាជ័យក្នុងការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធិការងាររបស់កម្មករនិយោជិត និង សេរីភាពសហជីព ។ កម្មករនិយោជិតតែងតែរងការបំភិតបំភ័យ គម្រាមកំហែងតាមគ្រប់រូបភាព និងបង្ខំឲ្យបញ្ឈប់ការទាមទារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់ខ្លួន មិនមែនដោយសារពួកគាត់ទទួលបានយុត្តិធម៍ ប៉ុន្តែដោយសារគ្មានលទ្ធភាពបន្តដំណើរតស៊ូមតិរយៈពេលវែង និង មិនមានភាពច្បាស់លាស់ ។ ករណីនេះក៏ត្រូវបានមើលឃើញថាជាយុទ្ធសាស្រ្តក្នុងការគាបសង្កត់សំលេងសហជីព និង ធ្វើឲ្យចុះខ្សោយនៃចលនាសហជីពឯករាជ្យដែលហ៊ានការពារប្រយោជន៍កម្មករនិយោជិតពិតប្រាកដ។
ប៉ុន្តែសកម្មភាពទាំងនេះ មិនបានបង្អាក់ស្មារតី និងបញ្ឈប់ការអនុវត្តសិទិ្ធកូដកម្មស្របច្បាប់របស់សមាជិក និងអ្នកតំណាងសហជីពនោះទេ ។ យើងខ្ញុំដែលជាកូដករនឹងនៅតែបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយសមរម្យ យោងតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របតាមលក្ខខណ្ឌច្បាប់តម្រូវ ហើយកូដកម្មនេះបញ្ចប់ទៅបានដរាបណាយើងខ្ញុំទាំងអស់គ្នាទទួលបាននូវដំណោះស្រាយយុត្តិធម៌ សិទ្ធិការងារនិងសេចក្តីថ្លៃថ្នូរ និង សេរីភាពសហជីពដ៏ពេញលេញរបស់ពួកយើង។ យើងខ្ញុំជឿជាក់ថា មានតែយន្តការរបស់រដ្ឋាភិបាលតាម រយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងឆន្ទៈនយោបាយប៉ុណ្ណោះទើបករណីនេះត្រូវបានដោះស្រាយដោយសន្តិវិធី។
យើងខ្ញុំដែលជាសមាជិក និងអ្នកតំណាងសហជីពទាំងអស់ សូមទាមទារឲ្យរដ្ឋាភិបាលផ្តល់នូវដោះស្រាយដូចខាងក្រោម ៖
១.ទម្លាក់ចោលរាល់បទចោទប្រកាន់ និង ទទួលយកថ្នាក់ដឹកនាំសហជីព សកម្មជន ព្រមទាំងសមាជិកសហជីពទាំងអស់ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយខុសច្បាប់ និង ទូទាត់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
២. ដាក់កំហិតឲ្យក្រុមហ៊ុនណាហ្គាវើលដ៏ត្រូវគោរពច្បាប់ការងារ សេរីភាពសហជីព និង ចរចាជាមួយតំណាងសហជីព(LRSU) លើរាល់បញ្ហារបស់កម្មករ។
៣. បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហជីព និង ការគំរាមកំហែងគ្រប់ទម្រង់មកលើកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៏។
ទំនាក់ទំនងទូរស័ព្ទសម្រាប់ព័ត៌មានបន្ថែម:
១-ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ 015 326 032
២-អនុប្រធាន កញ្ញា ឈឹម សុខន 069 221 264
៣-លេខាសហជីព លោកស្រី ឃ្លាំង សុបិន្ត 086 249 517/ 081 270 255
សហព័ន្ធសហជីព និង អង្គការសង្គមស៊ីវិលគាំទ្រសេចក្តីថ្លែងការណ៍នេះរួមមាន៖
១.សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២.សហព័ន្ធសហជីពកម្ពុជា (CATU)
៣.សមាគមបណ្តាញយុវជនកម្ពុជា (CYN)
៤.អង្គការភាពជាដៃគូដើម្បីបរិស្ថាន និង ការអភិវឌ្ឍ (PED Cambodia)
៥.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៦.សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៧.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៨.អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៩.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១០.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១០.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
១១.អង្គការសមធម៌កម្ពុជា (EC)
១២.អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៣.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៤.សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
១៥.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណា (TWUCH)
១៦.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ សាន់វេ ភ្នំពេញ (TWUSP)
១៧.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារបៃតង និងរីសតភ្នំពេញ (TWUBHRP)
១៨.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់ (TEUJB)
១៩.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់(TWURRH)
២០.សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា(TWUSPH)
២១.គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការ
រើសអើងលើស្រ្តីភេទ(NGO-CEDAW)
២២.អង្គការក្លាហាន (Klahaan)
២៣.សហភាពការងារកម្ពុជា (CLC)





Comments