top of page

សេចក្តីថ្លែងការណ៍រួម៖ បញ្ឈប់ការខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញមកលើកូដករណាហ្គាវើលដ៏

រាជធានីភ្នំពេញ ថ្ងៃទី០៣  ខែកក្កដា ឆ្នាំ២០២៦


យើងខ្ញុំជាសង្គមស៊ីវិល សមាគម សហជីព សហព័ន្ធដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញនាពេលថ្មីៗនេះ ដែលបានកោះហៅសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ហៅកាត់ថា(LRSU) សាកសួរពីដំណើររឿង “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស”ប្រព្រឹត្តនៅចំនុចក្រុមហ៊ុនណាហ្គាវើលដ៏ បន្ទាប់ពីពួកគេបានចូលរួមធ្វើកូដកម្មដោយអហិង្សា និង សន្តិវិធី។ រយៈពេលជាងបួនឆ្នាំមកនេះ អាជ្ញាធរ និង តុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយទេ។ តុលាការត្រូវលើកលែងបទចោទប្រកាន់ មកលើថ្នាក់ដឹកនាំ សមាជិកសហជីពណាហ្គាវើលដ៏ទាំងអស់ និងផ្តល់សេរីភាពពេញលេញដល់ពួកគាត់ឡើងវិញ។ ស្ថាប័នពាក់ព័ន្ធគួរងាកមកដោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃនេះ ជាជាងបន្តអូសបន្លាយពេលវេលាដោយរំពឹងថាកម្មករនឹងអស់លទ្ធភាពតវ៉ារួចបោះបង់ចោលការទាមទារយុត្តិធម៌ និងបន្តខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញដល់ជនរងគ្រោះ។


ចាប់តាំងពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២២ រាល់ការចេញតវ៉ារបស់កូដករណាហ្គាវើលដ៏ តែងជួបនូវការរារាំងពីសំណាក់កងសន្តិសុខ និងអាជ្ញាធរ ដោយចាប់បង្ខំកូដករដែលភាគច្រើនជាស្រ្តីឡើងឡានក្រុងដឹកទៅទម្លាក់ចោលនៅជាយក្រុង និង ការដាក់ប៉ារ៉ាសបិទផ្លូវមិនឲ្យកូដករអាចទៅឈរតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ជាដើម។ លើសពីនេះ ក្រុមកូដករតែងរងនូវអំពើហិង្សា វាយដំ ទាត់ធាក់ រហូតមានករណីខ្លះធ្វើឲ្យកូដករស្រ្តីម្នាក់បាត់បង់កូនក្នុងផ្ទៃថែមទៀតផង។


កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ តុលាការកំពូលបានប្រកាសសាលដីការបស់ខ្លួន ដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារលើជនជាប់ចោទ ចំនួន០៨រូប ដែលជាថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៏។ អ្នកទាំងនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនា គាររយៈពេល ពី ១ ឆ្នាំ ដល់ ២ ឆ្នាំ។ កញ្ញា ឈឹម ស៊ីថរ ជាជនជាប់ចោទម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទទាំងនោះ ដែលត្រូវបង្ខំឲ្យអនុវត្តទោសរយៈពេល ២ ឆ្នាំ ក្នុងពន្ធនាគារ និងទើបទទួលបានសេរីភាពឡើងវិញក្រោយអនុវត្តទោសចប់កាលពីខែកញ្ញា ឆ្នាំ២០២៤។


ក្រៅពីទទួលរងការរំលោភបំពានតាមរយៈប្រព័ន្ធតុលាការ សមាជិក ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៏ក៏ទទួលរងការរំលោភបំពានតាមគ្រប់រូបភាពពីសំណាក់កងសន្តិសុខ និងអាជ្ញាធររាជធានីភ្នំពេញ ដែលរួមមានការរំលោភបំពានលើរូបរាងកាយ ផ្លូវចិត្ត និង ផ្លូវភេទ។ អាជ្ញាធរកន្លងមកធ្លាប់បានឃាត់ខ្លួនកូដករ និងដាក់អ្នកទាំងនោះនៅក្នុងទីតាំងមួយចំនួន ក្រោមហេតុផលអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅខណៈពេលដែលវិធានការទាំងនេះមិនត្រូវបានអនុវត្តលើសកម្មភាពសង្គម ដែលមានការជួបជុំមនុស្សច្រើនជាងការជួបជុំតវ៉ារបស់កម្មករដូចជាការប្រកួតបាល់ទាត់ឡើយ។ សកម្មភាពទាំងនេះ បានបង្ហាញថា អាជ្ញាធរព្យាយាមបំភិតបំភ័យ គំរាមកំហែង រំលោភបំពាន និងធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយអហិង្សា ជាជាងជួយដោះស្រាយបញ្ហាដែលសហជីពកំពុងជួបប្រទះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារល្អប្រសើរ។


យើងខ្ញុំសុំស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ និង ផ្តល់សេរីភាពពេញលេញដល់ថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏ទាំងអស់ដោយឥតលក្ខខណ្ឌ ដើម្បីអាចឱ្យពួកគេរស់នៅបានដោយមិនមានការភ័យខ្លាចជាប់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ ហើយងាកមកខិតខំប្រឹងប្រែងរកដំណោះស្រាយយុត្តិធម៌ដែលគ្រប់ភាគីអាចទទួលយកបាន ព្រោះនេះជាមធ្យោបាយតែមួយគត់ដើម្បីបិទបញ្ចប់វិវាទការងារមួយនេះ។ អាជ្ញាធរត្រូវគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិត និងឈប់ចាត់ទុកសកម្មភាពអហិង្សារបស់សហជីពជាបទល្មើសព្រហ្មទណ្ឌ។


អង្គការសង្គមស៊ីវិល សមាគម សហជីព សហព័ន្ធចូលរួមគាំទ្រសេចក្តីថ្លែងការណ៍៖

1. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

2. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

3. អង្គការសម្ព័ន្ធខ្មែរជំរឿន​ ​និងការពារសិទ្ធិមនុស្ស​ ​លីកាដូ (​L​I​CAD​H​O)

4. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៃកម្ពុជា (ADHOC)

5. មជ្ឈមណ្ឌលសម្ព័នភាព​​ការងារនិងសិទ្ធិមនុស្ស (CENTRAL)

8. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

9. សហព័ន្ធសហជីពសំណង់ និងព្រៃឈើ (BWTUC)

10. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

11. សមាគមស្រី្តជនបទដើម្បីក្សេត្របរិស្ថាន (RWAA)

12. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

13. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)

  1. គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)

15. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

16. មាតាធម្មជាតិ (MN)

17. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

18. មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM)

19. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា

20. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់ (TEUJB)

21. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារបៃតង និងរីសតភ្នំពេញ (TWUBHRP)

22. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារ សាន់វេ ភ្នំពេញ (TWUSP)

23. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគារកាំបូឌីយ៉ាណា(TWUCH)

24.  សហជីពកម្មករនិយោជិតក្រុមហ៊ុនអេច.ស៊ី.ស៊ី.គ្រុប (HCCGCEU)

25. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់

Comments


bottom of page