top of page

សេចក្តីថ្លែងការណ៍រួម

Updated: Sep 4

សម្ព័ន្ធសហជីព​ ​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ បង្ហាញ​គោល​ជំហររួមគ្នា​​

ស្នើ​ការ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមាយ៉ាង​តិចចំនួន ២៣២ ដុល្លារ​អាមេរិក​ សម្រាប់ឆ្នាំ២០២៦ 

រាជធានីភ្នំពេញ​ ថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ២០២៥

 

យើង​ខ្ញុំ​ជា​សម្ព័ន្ធសហជីព​ សហព័ន្ធ​សហជីព និង​​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាងក្រោម​ សូម​បង្ហាញ​គោល​ជំហររួមគ្នាស្នើ​ការ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមាយ៉ាង​តិច​ចំនួន​ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែសម្រាប់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ ​សំណើរួម​លើ​ការ​​តម្លើង​​ប្រាក់ឈ្នួលអប្បបរមា​ចំនួន ​​២៣២ ដុល្លារអាមេរិក​​ នេះ គឺ​ផ្អែក​លើស្ថាន​ភាព​ចាំបាច់ទាក់ទងនឹង​​ការ​ចំណាយ​ជាក់ស្តែង​​​របស់​កម្មករ​និយោជិត​ និង​សមត្ថភាព​​សេដ្ឋកិច្ចរបស់​ប្រទេស​កម្ពុជា​​។ 


កម្រិត​​ប្រាក់ឈ្នួល​​នាពេល​បច្ចុប្បន្ន​ចំនួន​ ២០៨ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ មាន​កម្រិត​ទាប​ពុំគ្រប់​គ្រាន់នឹង​ការ​ចំណាយក្នុង​ជីវភាពរស់នៅ​​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ​​ឡើយ​​។ យោ​ង​តាម​របក​គំហើញ​នៃការ​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​ប្រាក់ ឈ្នួល​អាស៊ីចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០២៤ ​លើក​ឡើង​ថា កម្មករ​និយោជិត​ចំណាយប្រចាំខែ​ជាមធ្យម​​ចំនួន​ ​៤០៨ ដុល្លារ​អាមេរិក​លើ​អាហារ​ និង​ក្រៅពីអាហារ ​ដែល​ស្ទើរ​តែ​​ទ្វេរ​ដង​នៃប្រាក់ចំណូល​ជាមធ្យម​របស់កម្មករ​ដែល​មាន​​ត្រឹម​តែចំនួន ២៥០ ដុល្លារ​អាមេរិក​។ បន្ថែម​លើ​នេះ​ ​វិទ្យាស្ថាន​ស្រាវជ្រាវ Anker បាន​ធ្វើការ​ប៉ាន់ប្រមាណក្នុង​ឆ្នាំ ​២០២៤ ​ថា កម្មករ​និយោជិត​ម្នាក់​ដែល​រស់នៅក្នុង​​គ្រួសារ​នៅ​តំបន់នានានៃប្រទេស​កម្ពុជា​ ត្រូវ​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​ ២៣២ ដុល្លារ អាមេរិក​​  ចំណែក​កម្មករ​និយោជិត​ក្នុង​​គ្រួសារ​រស់នៅ​ទីប្រជុំជន ​​ត្រូវទទួល​បាន​​ប្រាក់ចំណូល​​ចំនួន ៤១៧ ដុល្លារអាមេរិក​ក្នុង​មួយខែ​ ទើ​បគ្រប់គ្រាន់សម្រាប់ការ​ចំណាយ​លើការ​រស់នៅ​ក្នុង​​​​​​ជីវភាព​​​សមរម្យ និង​​​លើ​តម្រូវ​​ការ​សំខាន់ផ្សេងៗទៀត ​ក្នុង​នោះរួម​ទាំង​របប​សន្តិសុខ​សង្គម​។ ប្រព័ន្ធ​ត្រួត​ពិនិត្យ​ការងារ​យុត្តិធម៌​ ឆ្នាំ ២០២៤ របស់​អង្គការ​ ​ CNV International បាន​រក​ឃើញ​គម្លាត​ ៤១% រវាង​​ប្រាក់ចំណូល​មធ្យម​ និង​ការ​ចំណាយ​លើ​ការ​រស់នៅ​ ដែលបង្ខំ​ឱ្យ​កម្មករ​និយោជិតប្រមាណ៧៣% ​ខ្ចី​​បំណុល​ដើ​ម្បី​ផ្គត់ផ្គង់​ជីវភាពដ៏លំបាក​នេះ។


គម្លាត​រវាង​​ប្រាក់ឈ្នួល និង​ការ​ចំណាយ​នេះបន្ត​​រុញ​ច្រាន​កម្មករ​និយោជិត​ឱ្យកាន់តែ​ធ្លាក់​ក្នុង​​បំណុល​ ​និង​ភាព​ក្រីក្រ​ និងបង្ខំ​ឱ្យ​ពួកគេ​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​អាហារ​ ការ​ថែទាំសុខភាព និង​ការ​អប់រំ​។ ជា​រឿង​ពុំ​សម​ទំនង​ឡើយ​​នៅពេល​​កម្មករ​និយោជិត​ដែល​ជា​ឆ្អឹង​ខ្នង​​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ពុំទទួល​បាននូវស្ថានភាព​រស់នៅ​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ​ ក្នុង​ពេល​ដែល​វិស័យ​នេះ​បន្ត​ទាក់ទាញ​ការ​វិនិយោគ​អន្ត​រជាតិ​ និងផ្តល់​​ប្រាក់ចំណេញ​ច្រើន​ដល់​ក្រុម​ហ៊ុន​ម៉ាក​យីហោ​ និង​និយោជក​។ 

ទោះបីជា​ការ​ស្រាវជ្រាវ​នានាបង្ហាញ​ថា​ការ​ចំណាយជាមធ្យម​​របស់​គ្រួសារ​​លើ​សពីកម្រិត​ប្រាក់​ចំណូល​របស់កម្មករ​និយោជិតក្តី​ តែក៏​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​​យល់ស្រប​រួម​គ្នា​​​​ស្នើ​ការ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន​តែ ២៣២ ដុល្លារ​អាមេរិក​សម្រាប់ឆ្នាំ២០២៦ ដែលមាន​កម្រិតទាប​​ខ្លាំងជាង​ការ​ចំណាយជាក់ស្តែង​​ក្នុង​​ជីវភាព​រស់នៅ​របស់កម្មករ​និយោជិត ដែល​ចាំបាច់​ត្រូវ​តែ​តម្លើង​ប្រាក់ឈ្នួល​សម្រាប់ឆ្នាំ២០២៦​​​។ 


អាស្រ័យ​ហេតុ​នេះ  យើង​ខ្ញុំ​ជាសម្ព័ន្ធសហជីព​ ​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ដូច​មាន​រាយ​នាម​ខាង ក្រោម​ ​ស្នើ​ក្រុម​ប្រឹក្សាជាតិ​​ប្រាក់ឈ្នួល​អប្បបរមា ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​រាជរដ្ឋាភិបាល​កម្ពុជា និង​សមាគម​និយោជក​​ ទទួល​យក​សំណើ​របស់​យើង​ខ្ញុំ​ក្នុង​​កា​រ​តម្លើង​​ប្រាក់ឈ្នួល​អប្បបរមាយ៉ាង​តិច​ចំនួន​​ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ជូន​ដល់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើដំណើរ សម្រាប់ឆ្នាំ២០២៦៕

 

សម្រាប់ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​៖

លោក​ ស្រី យ៉ាង​ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ​​ទូរស័ព្ទ៖ 015 787 857 

លោក​ស្រី ទូច សើ​ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ 012 971533 

 

សម្ព័ន្ធសហជីព​ ​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ដែលគាំទ្រ​សេចក្តីថ្លែងការណ៍នេះ​ រួមមាន​៖

១. មជ្ឈមណ្ឌល​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​ (BHRRC)

២. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)

៤. សមាគមការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍នៅកម្ពុជា (ADHOC) 

៥. សហព័ន្ធសហជីពកម្ពុជា (CATU)

៦. សហព័ន្ធ​សហជីព​កម្ពុជា​ឯករាជ្យ (CITUFED)

៧. អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់សម្រាប់សហគមន៍ (CLEC)

៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៩. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១0. គណៈកម្មាធិការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (COMFREL​)

១១. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)

១២. វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID)  

១៣. សមាគមបណ្តាញ​យុវជន​កម្ពុជា (CYN) 

១៤. អង្គការ​យុទ្ធនាការ​សម្លៀក​បំពាក់ស្អាត​ (CCC) ប្រទេស​ហូឡង់ 

១៥. អង្គការ​សមធម៌​កម្ពុជា​ (EC) 

១៦. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

១៧. សហព័ន្ធ​សហជីព​សេរីឯករាជ្យ​ (FUFI)

១៨. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១៩. សហព័ន្ធ​សហជីព​ឥទ្ធិពល​ការងារ (FULI)

២០. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ (IDEA)

២១. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

២២. អង្គការ​ពលកម្ម​ក្រោយ​ស្លាកសម្លៀក​បំពាក់ (LBL) ចក្រភពអង់គ្លេស​ 

២៣. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឈន៍ (PED)

២៤. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើអើងលើនារីភេទ (NGO-CEDAW)

២៥. បណ្តាញ​សាមគ្គីភាពម៉ាគីឡា (MSN) ប្រទេស​កាណាដា

២៦. អង្គការ​សមាគមធា​ងត្នោត​ (STT)  

២៧. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

២៨. អង្គការក្លាហាន (Klahaan)

 

 

 

 

 

Comments


bottom of page