សេចក្តីថ្លែងការណ៍រួម៖ មួយឆ្នាំក្រោយនៃការផ្តន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ គឺនៅតែជារឿងគួរឱ្យអាម៉ាស់
- Miss. Hok Kimleang

- Jul 11
- 2 min read
Updated: Aug 28
ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃនេះ គឺជាថ្ងៃគម្រប់មួយឆ្នាំ ដែលសកម្មជននៃចលនាមាតាធម្មជាតិទាំង ៥ រូប រួមមានកញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចំនួនពី ៦ ទៅ ៨ ឆ្នាំ ក្រោយពីអ្នកទាំងនោះត្រូវបានតុលាការចោទប្រកាន់ពីបទ “រួមគំនិតក្បត់ប្រឆាំងនឹងរាជរដ្ឋាភិបាល” ហើយសម្រាប់ លាងហ៊ី គឺជាប់ពីបទចោទមួយទៀត គឺបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ ការចោទប្រកាន់នេះបានធ្វើឡើងដោយគ្រាន់តែអ្នកទាំងនោះ សកម្មក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ។
សកម្មជនទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ កាលពីខែកក្កដា ឆ្នាំ ២០២៤ ហើយសំណើសុំនៅក្រៅឃុំរបស់ពួកគេតែងតែត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូលបដិសេធ នៅខណៈដែលអ្នកទាំង ៥ កំពុងប្តឹងឧទ្ធរណ៍លើសាលក្រមរបស់សាលាដំបូង ។ កាលពីឆ្នាំមុន យើងខ្ញុំយល់ថាការសម្រេចសេចក្តីនេះ គឺជារឿងដែលគួរឱ្យអាម៉ាស់ ដោយបានបង្ហាញថាសកម្មភាពខ្វាយខ្វល់អំពីព្រៃឈើ ព្រៃកោងកាង ឆ្នេរសមុទ្រ និងបរិស្ថាន បែរជាត្រូវបានគេចោទថាជាសកម្មភាពរួមគំនិតក្បត់ប្រឆាំងនឹងរាជរដ្ឋាភិបាលទៅវិញ ។ សកម្មជនទាំងនេះ គួរតែត្រូវបានដោះលែងជាបន្ទាន់ ហើយបទចោទប្រកាន់ទាំងអស់ គួរតែត្រូវបានទម្លាក់ចោល ។
សកម្មជនទាំង ៥ រូប រួមជាមួយសកម្មជនបរិស្ថានចំនួន ៥ រូបផ្សេងទៀត ដែលត្រូវបានតុលាការផ្តន្ទាទោសដោយកំបាំងមុខ បានធ្វើការងារយ៉ាងច្រើន ដើម្បីការពារធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។ អ្នកទាំងនោះបានធ្វើការងារតស៊ូមតិយ៉ាងសកម្ម និងប្រឈមនឹងហានិភ័យរាប់មិនអស់ ដើម្បីប្រឆាំងទៅនឹងបុគ្គលមានអំណាចមួយចំនួន ដែលកំពុងបំផ្លាញបរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេស ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមខ្លួនរបស់បុគ្គលទាំងនោះ ។
សកម្មជនចលនាមាតាធម្មជាតិទាំងអស់ នៅតែរក្សាគោលជំហររឹងមាំ និងការតាំងចិត្តខ្ពស់ ក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា ។ ប៉ុន្តែគួរឱ្យស្តាយ ការលះបង់របស់អ្នកទាំងនោះ បែរជាជួបនឹងភាពឈឺចាប់ និងការធ្វើទុក្ខបុកម្នេញទៅវិញ ។ ភ្លាមៗក្រោយពេលប្រកាសសាលក្រម អាជ្ញាធរបានចូលចាប់សកម្មជនបរិស្ថានទាំងនោះ ទាំងកំរោល ដើម្បីយកទៅដាក់ក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នា ដែលនៅយ៉ាងឆ្ងាយ រាប់រយគីឡូម៉ែតពីគ្នា និងឆ្ងាយពីក្រុមគ្រួសារ និងមេធាវីរបស់ពួកគេ ។ ទង្វើដែលអមនុស្សធម៌ និងមិនត្រឹមត្រូវនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់ទៅលើវិធាននៃអង្គការសហប្រជាជាតិស្តីពីការទុកដាក់អ្នកទោស ហើយជាការបន្ថែមបន្ទុកដល់ក្រុមគ្រួសារ មេធាវី និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ ។
គួរឱ្យសោកសង្រេង សកម្មជនមួយចំនួន ត្រូវឆ្លងខួបកំណើតរបស់ពួកគេនៅក្នុងពន្ធនាគារ ។ លោក លី ចាន់ដារ៉ាវុត ត្រូវឆ្លងខួបកំណើតអាយុ ២៤ ឆ្នាំ ក្នុងពន្ធនាគារ កញ្ញា ឡុង គន្ធា ឆ្លងខួបកំណើតអាយុ ២៦ ឆ្នាំ និងកញ្ញា ភួន កែវរស្មី ឆ្លងខួបកំណើតអាយុ ២៣ ឆ្នាំ នៅក្នុងពន្ធនាគារ នៅខណៈដែលយុវជនអាយុដូចគ្នានេះ អាចមានឱកាសឆ្លងខួបកំណើតជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ។ ទាំងលោក រដ្ឋា ដែលមានអាយុ ៣២ ឆ្នាំ និងលោក លាងហ៊ី ដែលមានអាយុ ៣៦ ឆ្នាំ សុទ្ធតែមិនអាចមើលឃើញការចាប់កំណើតរបស់កូនស្រីរបស់ពួកគេ ដោយសារតែការជាប់ក្នុងពន្ធនាគារ ។ នៅពេលដែលកូនៗរបស់អ្នកទាំងនោះ ចម្រើនវ័យធំធាត់ ដោយមិនមានវត្តមានរបស់អ្នកទាំងនោះនៅក្បែរ យើងខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយ កូនៗទាំងនោះ នឹងយល់ថាការលះបង់របស់ឪពុករបស់ពួកគេ គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន និងដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានភាពប្រសើរឡើង សម្រាប់ពួកគេ និងកុមារកម្ពុជាទូទាំងប្រទេស ។
យើងខ្ញុំសង្ឃឹមថា សកម្មជនទាំងនោះនឹងទទួលបានយុត្តិធម៌ឆាប់ៗនេះ ។ ឱកាសនៅតែមានសម្រាប់ដៃគូក្នុងប្រទេស និងក្រៅប្រទេស ដែលនៅតែបារម្ភអំពីបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា ជួយនិយាយ និងជួយជំរុញដល់រាជរដ្ឋាភិបាល សូមឱ្យទម្លាក់ចោលបទចោទទាំងនោះ និងដោះលែងសកម្មជនបរិស្ថានឱ្យមានសេរីភាព ។ សាលាឧទ្ធរណ៍បានពន្យារពេលសវនាការលើសំណុំរឿងរបស់ពួកគេ ដោយឥតកំណត់ពេល កាលពីចុងខែមិថុនា ។ យើងខ្ញុំអំពាវនាវដល់សាលាឧទ្ធរណ៍ភ្នំពេញ សូមឱ្យពន្លឿននីតិវិធី និងផ្តល់នូវការជំនុំជម្រះប្រកបដោយយុត្តិធម៌ និងឯករាជ្យ ដើម្បីផ្តល់នូវភាពស្អាតស្អំ និងសិទិ្ធសេរីភាពដល់សកម្មជនទាំងនោះត្រឡប់មកវិញ ។
សកម្មជនទាំងនោះ មិនគួរត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារនោះឡើយ ។ យុវជន និងយុវនារីសកម្មជនបរិស្ថានទាំងនោះ មិនបានបង្កគ្រោះថ្នាក់ណាមួយដល់រាជរដ្ឋាភិបាលនោះទេ ។ ប្រសិនបើរាជរដ្ឋាភិបាលចង់បង្ហាញចេតនា ចង់ការពារបរិស្ថាន និងធនធានធម្មជាតិមែន ពួកគេគួរតែផ្តល់តម្លៃ និងលើកតម្កើងដល់ការងាររបស់សកម្មជននៃចលនាមាតាធម្មជាតិ ហើយបញ្ឈប់ការដាក់ទណ្ឌកម្មបែបឃោរឃៅទៅលើភាពសកម្មនិយមរបស់អ្នកទាំងនោះ ។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
1. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ធំ (កំពង់ឆ្នាំង)
2. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
3. សហគមន៍អមលាំង (កំពង់ស្ពឺ)
4. សហគមន៍បឹងពីរ (បាត់ដំបង)
5. សហគមន៍បឹងប្រាំ (បាត់ដំបង)
6. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
7. សម្ព័ន្ធសហជីពកម្ពុជា (CATU)
8. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
9. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
10. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
11. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
12. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
13. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
14. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
15. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
16. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
17. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
18. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
19. អង្គការសមធម៌កម្ពុជា (EC)
20. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
21. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
22. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
23. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
24. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
25. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
26. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ ខេត្តព្រះវិហារ
27. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
28. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
29. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
30. សហគមន៍ដីធ្លី (ប៉ៃលិន)
31. សហគមន៍ឡពាង (កំពង់ឆ្នាំង)
32. មាតាធម្មជាតិកម្ពុជា (MNC)
33. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (ព្រៃឈើ)
34. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
35. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
36. សហគមន៍ភ្នំក្រោម (សៀមរាប)
37. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
38. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
39. បណ្តាញសហគមន៍ព្រៃឡង់
40. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
41. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
42. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ(ព្រះវិហារ)
43. អង្គការសមាគមធាងត្នោត (ស.ធ.ត)
44. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
45. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
46. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
47. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
48. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
49. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)





Comments