top of page

សេចក្តីថ្លែងការណ៍រួម: សូមកុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិសូមកុំដកហូតសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរ

Updated: Aug 28

ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥

 

យើងខ្ញុំមានការព្រួយបារម្ភជាខ្លាំង ចំពោះដំណើរការធ្វើសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិដែលអាចនឹងត្រូវបានចែង យ៉ាងស្រពិចស្រពិល ក្នុងការអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចដកហូតសញ្ជាតិខ្មែរពីប្រជាពលរដ្ឋបាន ហើយនិងអាចនឹង មានផលប៉ះពាល់អវិជ្ជមានយ៉ាងសម្បើម មកលើសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប ។

 

សេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិមួយ ដែលអាចនឹងត្រូវរដ្ឋសភាជាតិបោះឆ្នោតអនុម័ត      នៅថ្ងៃទី២៥ ខែសីហា ខាងមុខនេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិនានា និងរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងការគោរពសិទិ្ធមនុស្សជាមូលដ្ឋាន ។ មុនពេលយើងលើកឡើងអំពីទិដ្ឋភាពច្បាប់ យើងខ្ញុំសូមនិយាយចេញអំពីបេះដូង ក្នុងនាមជាពលរដ្ឋខ្មែរ និងពិនិត្យទៅលើទិដ្ឋភាពផ្នត់គំនិត សង្គម និងវប្បធម៌របស់ខ្មែរ ថាមូលហេតុអ្វីការដកសញ្ជាតិ ពីពលរដ្ឋខ្មែរ អាចនឹងជាកំហុសមួយយ៉ាងធំធេង និងអាចធ្វើឱ្យអន្តរាយដល់សង្គម និងប្រទេសជាតិរបស់យើង ។

 

ក្នុងនាមជា “ពលរដ្ឋខ្មែរ” ម្នាក់ សម្រាប់មនុស្សម្នាក់ៗ គឺមានអត្ថន័យខុសៗគ្នា ។ ប៉ុន្តែយើងទាំងអស់គ្នា គឺជាផ្នែក មួយនៃប្រទេសជាតិយើង ដែលមិនអាចកាត់ផ្តាច់បាន ឬញែកចេញពីគ្នាបានរវាង “ជាតិខ្មែរ” និង “ពលរដ្ឋខ្មែរ” ហើយពលដ្ឋខ្មែរទាំងអស់គ្នាគ្រប់និន្នាការនយោបាយ សុទ្ធតែធ្លាប់បានហែលឆ្លងនូវឧបសគ្គ និងការឈឺចាប់រាប់មិនអស់ ។ គ្រប់ពេលវេលា ទីកន្លែង និងកាលៈទេសៈទាំងអស់ យើងទាំងអស់គ្នា សុទ្ធតែមានមោទនភាពឥតឧបមា ដែលបានកើតជាពលរដ្ឋ “ខ្មែរ” ។

 

ពលរដ្ឋ “ខ្មែរ” ក្នុងន័យខាងលើនេះ ក៏មានផងដែរ នូវពលរដ្ឋមួយចំនួនដែលកំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ ដោយសារការអនុវត្តសិទិ្ធសេរីភាពជាមូលដ្ឋាន ការរិះគន់រាជរដ្ឋាភិបាល ការកាពារបរិស្ថាននិងធនធានធម្មជាតិ ឬការចងក្រងជាសហជីពដើម្បីការពារសិទិ្ធកម្មករផងដែរ ។ ហានិភ័យខាងលើនេះ ក៏ត្រូវបានសាធារណជនដឹងឮជា ទូទៅថា អាចនឹងកើតមានចំពោះសកម្មជនសិទិ្ធមនុស្ស អ្នកនយោបាយ យុវជន និងអ្នករិះគន់រាជរដ្ឋាភិបាល គ្រប់ពេលវេលា ។ ប៉ុន្តែសកម្មជន អ្នកនយោបាយ យុវជន និងពលរដ្ឋទាំងនោះ នៅតែតាំងចិត្ត ប្រឈមមុខនឹង         ហានិភ័យទាំងនេះ ហើយបន្តភាពសកម្មនិយមរបស់ពួកគេ ដោយសារតែពួកគេជាពលរដ្ឋ “ខ្មែរ” ស្រឡាញ់ប្រទេសជាតិរបស់ពួកគេ ។ យើងទាំងអស់គ្នា សុទ្ធតែចង់កសាងប្រទេស “ខ្មែរ” មួយ ដែលល្អ សម្រាប់កូនចៅរបស់យើង      រស់នៅក្នុងសេចក្តីថ្លៃថ្នូរ មានសិទិ្ធសេរីភាព លទ្ធិប្រជាធិបតេយ្យ និងជាប្រទេសដែលមានបរិស្ថានល្អស្អាត ​សម្បូរទៅដោយធនធានធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ។

 

ប្រឈមមុខនឹងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិនេះ ពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ អាចនឹងត្រូវបាត់បង់អត្តសញ្ញាណ របស់ខ្លួនជា “ខ្មែរ” ប្រសិនបើអ្នកទាំងនោះធ្វើសកម្មភាពណាមួយ ដែលរិះគន់រាជរដ្ឋាភិបាល        ការពារបរិស្ថាន ឬការពារសិទិ្ធសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស ។ ប្រសិនបើយើងត្រូវបានរាជរដ្ឋាភិបាលដកហូតសញ្ជាតិ យើងនឹងបាត់បង់សិទិ្ធសេរីភាពជាមូលដ្ឋានរបស់យើងទាំងអស់នៅក្នុងប្រទេសកំណើតរបស់យើង ។ យើងអាចនឹង បាត់បង់សិទិ្ធជាម្ចាស់កម្មសិទិ្ធលើដីធ្លី សិទិ្ធទទួលបានសេវាសុខាភិបាល ការអប់រំ ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ សិទិ្ធធ្វើការងារស្របច្បាប់ និងសិទិ្ធក្នុងការធ្វើនយោបាយ ។ យើងក៏នឹងមិនអាចធ្វើដំណើរចាកចេញពីប្រទេស               ឬត្រឡប់ចូលប្រទេសកំណើតរបស់យើងបានដែរ ។ យើងអាចនឹងក្លាយជាមនុស្សគ្មានសញ្ជាតិ មិនអាចមានសិទិ្ធ និងក្លាយជាអ្នកជាប់ពន្ធនាគារនៅក្នុងប្រទេសកំណើតរបស់ខ្លួនឯង ។

 

នៅពេលដែលសេចក្តីព្រាងវិសោធនកម្មនៃច្បាប់មួយដែលចែងយ៉ាងទូលាយ ចូលជាធរមានអាចនឹងបង្កការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងហួសប្រមាណ ប្រសិនបើអាជ្ញាធររដ្ឋយកទៅប្រើប្រាស់ ដោយផ្តោតទៅមនុស្សមួយ ក្រុម ផ្អែកទៅលើជាតិសាសន៍ និន្នាការនយោបាយ សេរីភាពក្នុងការបញ្ចេញមតិ និងភាពសកម្មនិយមផ្នែកបរិស្ថាន និងសង្គម ។ រាជរដ្ឋាភិបាលមានអំណាចពេញលេញ ប៉ុន្តែមិនគួររហូតដល់អាចសម្រេចថា ពលរដ្ឋខ្មែរណាម្នាក់       “គួរជាខ្មែរ” ហើយពលរដ្ឋខ្មែរណា “មិនគួរជាខ្មែរ” នោះទេ ។

 

ជាការពិតណាស់ ដែលប្រទេសមួយចំនួន អនុញ្ញាតឱ្យមានការដកហូតសញ្ជាតិ ប៉ុន្តែប្រភេទនៃបុគ្គលដែលត្រូវបាន ប្រទេសទាំងនោះដកសញ្ជាតិ គឺមិនដូចគ្នាទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកំពុងពិចារណា ដើម្បីដកហូតសញ្ជាតិនោះទេ ។ មាត្រា ១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស បានចែងយ៉ាងច្បាស់ថា៖ “មនុស្សគ្រប់រូបមានសិទិ្ធទទួលបានសញ្ជាតិមួយ” ហើយ “គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្តូរសញ្ជាតិរបស់ខ្លួនដោយរំលោភបានឡើយ” ។ ហាមឃាត់ការដកហូតដោយមិនត្រឹមត្រូវ មានន័យថាការដកហូតសញ្ជាតិត្រូវធ្វើឡើងដោយនីតិវិធីច្បាប់ ដែលអាច ដឹងមុន សមហេតុផល ចាំបាច់ និងសមាមាត្រនឹងអំពើល្មើស ។ ជនដែលត្រូវបានគេដកហូតសញ្ជាតិ ក៏ត្រូវមានសិទិ្ធ ប្តឹងជំទាស់ផងដែរ ។

 

សេចក្តីព្រាងវិសោធនកម្មបច្ចុប្បន្ន មិនបានបំពេញនូវលក្ខខណ្ឌជាមូលដ្ឋានខាងលើនោះទេ ។ នីតិវិធីដើម្បីដកហូត សញ្ជាតិ ត្រូវបានចែងដោយមានលក្ខណៈស្រពិចស្រពិល ដែលអាចធ្វើឱ្យជនណាម្នាក់ត្រូវបានអាជ្ញាធរដកហូត សញ្ជាតិខ្មែរ ប្រសិនបើជននោះគ្រាន់តែត្រូវបានគេចោទប្រកាន់ថាធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ ឬបូរណភាពទឹកដី ទោះបីជាជននោះមានតែសញ្ជាតិខ្មែរ តែមួយក៏ដោយ ។ លើសពីនេះ អ្នកណាក៏ដោយ ដែលត្រូវ បានតុលាការផ្តន្ទាទោស បទមជ្ឈិម ពីបទ ធ្វើឱ្យប៉ះពាល់ដល់ “សន្តិសុខជាតិ” បុគ្គលនោះក៏អាចប្រឈម នឹងការដក ហូតសញ្ជាតិខ្មែរ បានដែរ ។  

 

ប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិនេះ នឹងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាង ខ្លាំងក្លាដល់សង្គមជាតិទាំងមូល ។ ច្បាប់នេះនឹងរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ការការពារស្របច្បាប់ ទៅលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងបង្កើតសមាគម ដែលការការពារទាំងនោះត្រូវបានចែងយ៉ាងច្បាស់នៅក្នុងច្បាប់ជាតិផ្សេងទៀត ។ នេះគឺជាដំណើរថយក្រោយយ៉ាងខ្លាំងនៃសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាយើង ។

 

យើងគួរតែមានសិទិ្ធ និងសេរីភាពក្នុងការជួបជុំគ្នា និងបញ្ចេញមតិអំពីអនាគតនៃប្រទេសជាតិយើង ក្នុងនាមជាពលរដ្ឋ “ខ្មែរ” ដូចគ្នា ដោយមិនមានការភ័យខ្លាចពីការបាត់បង់សញ្ជាតិ “ខ្មែរ” នោះទេ ។ ឥឡូវនេះ ជាពេលដែល “ពលរដ្ឋខ្មែរទាំងអស់” រួមសាមគ្គីគ្នាគ្រប់និន្នាការនយោបាយ និងទុកទស្សនខុសគ្នាមួយឡែក ដើម្បីរួមគ្នាកសាងប្រទេសជាតិយើងឱ្យបានល្អប្រសើរ ។ សេចក្តីព្រាងច្បាប់នេះ មិនបានជួយអ្វី ក្រៅតែពីបំបែកពលរដ្ឋខ្មែរ បំបែកប្រទេសយើងនោះទេ ។ យើងខ្ញុំ សូមសំណូមពរដល់រដ្ឋសភា និងព្រឹទ្ធសភា សូមពិចារណា ដោយពុំគួរអនុម័តលើ  សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះទេ ។ យើងទាំងអស់គ្នា សុទ្ធតែជា “ខ្មែរ” ហើយមិនទាន់យឺតពេលទេ ក្នុងការជៀសវាងការបន្តឱ្យមានភាពឈឺចាប់នៅក្នុងប្រទេសយើងទាំងអស់គ្នា ៕

 

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ ៖

 

1.       សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ (កំពង់ឆ្នាំង)

2.       សហគមន៍ដីធ្លី ១៩៧ (កោះកុង)

3.       សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)  

4.       សហគមន៍អមលាំង (កំពង់ស្ពឺ)

5.       សហគមន៍បឹងពីរ (បាត់ដំបង)

6.       សហគមន៍បឹងប្រាំ (បាត់ដំបង)

7.       សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

8.       សហព័ន្ធសហជីពកម្ពុជា (CATU)

9.       មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

10.    សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

11.    សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

12.    សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ​ (LICADHO)

13.     សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

14.    សមាគមបណ្តាញយុវជនកម្ពុជា (CYN)

15.    មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

16.    សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

17.    គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

18.    សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

19.    សហគមន៍ដក់ពរ (កំពង់ស្ពឺ)

20.    អង្គការសមធម៌កម្ពុជា (EC)

21.    សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

22.    សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

23.    សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

24.    សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ)

25.    សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)

26.    សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

27.    សហគមន៍ដីធ្លី (ប៉ៃលិន)

28.    សហគមន៍ឡពាង (កំពង់ឆ្នាំង)​

29.    សហគមន៍មានជ័យ (ស្វាយរៀង)

30.    ចលនាមាតាធម្មជាតិ (MNC)

31.    សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)

32.    សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)

33.    អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ​ (PED Cambodia)

34.    មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)

35.    សហគមន៍ភ្នំក្រោម (សៀមរាប)

36.    សហគមន៍ដីធ្លីភូមិសិលាខ្មែរ​ (បន្ទាយមានជ័យ)

37.    អង្គការពន្លកខ្មែរ (PKH)

38.    សហគមន៍ព្រៃឈើពេជចង្វារល្អឆើត (កំពង់ឆ្នាំង)  

39.    សហគមន៍ព្រៃឡង់ (ព្រះវិហារ)

40.    សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ) 

41.    សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)

42.    សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)

43.    សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)

44.    សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)

45.    សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

46.    សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

47. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការ រើសអើងលើស្ត្រីភេទ (NGO-CEDAW)

48.    សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)

49.    សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)

50.    សហគមន៍ទន្លូង (ត្បូងឃ្មុំ)

 

Comments


bottom of page