សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
- PED Cambodia

- Jun 13
- 2 min read
Updated: Aug 28
យើងខ្ញុំទាំងអស់គ្នាជាតំណាងសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជនចំនួន៨ស្ថាប័នបានសហការរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោកខួបលើកទី២៩ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមមូលបទស្តីពី «គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត» មានគោលបំណងសំខាន់ៗចំនួន៤៖ ១) ដើម្បីអបរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ នៅប្រទេសកម្ពុជា, ២) ជំរុញការអនុវត្តគោលនយោបាយជាតិ អន្តរជាតិព្រមទាំងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ, ៣) លើកកម្ពស់ការចូលរួមពីសាធារណជនក្នុងការតាមដានការអនុវត្តគោលនយោបាយដើម្បីរក្សាបរិស្ថានស្អាត និងការការពារធនធានធម្មជាតិ ជាពិសេសក្រើនរំលឹកពីផលប៉ះពាល់ដោយសារការប្រើប្រាស់ប្លាស្ទិក និងការបំពុលខ្យល់, និង ៤) ប្រមូលធាតុចូលពីប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន យុវជន ជាពិសេសសជនងាយរងគ្រោះដើម្បីដាក់បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាប្រឈម និងសំណូមពរដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ បរិស្ថាន និងធនធានធម្មជាតិ។
នៅឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលបានប្រកាសចូលរួមជាមួយអន្តរជាតិគាំទ្រឱ្យមានការប្រារព្ធទិវាបរិស្ថានពិភពលោក និងបានប្រារព្ធទិវានេះនៅឆ្នាំ១៩៩៦ តរៀងមក ដែលបង្ហាញពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទល់នឹងការបំពុលបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់មនុស្សជាតិតជំនាន់។[1] ក្នុងកម្មវិធីជាតិស្តីអំពីព្រៃឈើ ឆ្នាំ២០១០ ដល់ឆ្នាំ២០២៩ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជាមានគម្របព្រៃឈើយ៉ាងហោចណាស់ ៦០ភាគរយត្រឹមឆ្នាំ២០២៩[2] ក៏ប៉ុន្តែនាពេលថ្មីៗនេះនៅក្នុងយុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី «ស្អាត បៃតង និងចីរភាព» ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ម្តងទៀតអំពីការប្តេជ្ញាចិត្តដាំស្តារគម្របព្រៃឈើឡើងវិញឱ្យបាន ៦០ភាគរយនៅឆ្នាំ២០៥០ ដែលឆ្លុះបញ្ចាំងអំពីភាពមិនច្បាស់លាស់នៃការប្តេជ្ញាចិត្តក្នុងគោលនយោបាយគ្រប់គ្រងព្រៃឈើប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ផ្ទុយទៅវិញ កាលពីខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីព្រៃឡង់ដែលជាគម្របព្រៃឈើដ៍សំខាន់របស់ប្រទេសកម្ពុជា ចំនួន៩៩ ហិកតាទៅឱ្យក្រុមហ៊ុនឯកជនមួយ[3] ស្របគ្នានឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីចំនួន ៣ នៅតំបន់ជួរភ្នំក្រវាញ ដែលរាជរដ្ឋាភិបាលទើបអនុម័តនឹងអាចនាំឱ្យមានការកាប់ឆ្ការព្រៃរាប់ពាន់ហិកតា ហើយនឹងមានការឈូសឆាយជាផ្លូវសម្រាប់អាងស្តុកទឹក ខ្សែបញ្ជូនអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទំនប់វារីអគ្គិសនី។[4]
យើងខ្ញុំយល់ឃើញថា ការបន្តផ្តល់ដីគម្របព្រៃឈើក្នុងតំបន់ការពារដល់ក្រុមហ៊ុនឯកជន គឺជាសញ្ញានៃចរន្តដើរផ្ទុយគ្នារវាងគោលនយោបាយ និងការអនុវត្តផ្ទាល់ ដែលអាចមានផលលំបាកដល់ការសម្រេចបាននូវគោលដៅអាកាសធាតុដែលបានបញ្ជាក់ពីមុនដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការបំភាយឧស្ម័នប្រវត្តិសាស្ត្រ និងអត្រាការកាប់បំផ្លាញព្រៃឈើត្រឹមឆ្នាំ២០៣០[5] ក៏ដូចជាផែនការដាំស្តារគម្របព្រៃឈើឡើងវិញឲ្យបាន ៦០% ក្នុងឆ្នាំ២០៥០។
ជីវិតរបស់មនុស្ស និងសត្វទាំងអស់នៅលើភពផែនដី រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ គឺពឹងផ្អែកទាំងស្រុងទៅលើបរិស្ថាន និងធនធានធម្មជាតិ។ ការពឹងផ្អែកនេះកាន់តែសំខាន់សម្រាប់សហគមន៍ជនជាតិដើមភាគតិច ដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវអត្តសញ្ញាណ ទំនៀមទម្លាប់ ប្រពៃណី និងចំណូលប្រចាំថ្ងៃរបស់ពួកគាត់ទៅនឹងព្រៃឈើ និងធនធានទឹក។ ធនធានសំខាន់ៗទាំងនេះ ក៏ជាប្រភពដែលមិនអាចខ្វះបានសម្រាប់ប្រជាសហគមន៍ព្រៃឈើ សហគមន៍នេសាទតាមដងទន្លេ និងតាមតំបន់ឆ្នេរ រួមទាំងប្រជាពលរដ្ឋទូទៅនៅតាមជនបទ និងទីក្រុងផងដែរ។ ការពឹងផ្អែករួមគ្នានេះបង្ហាញពីសារៈសំខាន់ជាចម្បងនៃការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ដើម្បីធានានូវចីរភាពនៃជីវិតគ្រប់ៗគ្នា។
យើងខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ចំពោះគោលនយោបាយជាតិស្ដីពីការថែរក្សាបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ។ គោលនយោបាយទាំងនេះអាចសម្រេចបាន លុះត្រាតែមានការបើកលំហពេញលេញសម្រាប់ពលរដ្ឋគ្រប់រូប ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ ការចូលរួមនេះស្របតាមច្បាប់ជាធរមាន រួមទាំងរដ្ឋធម្មនុញ្ញមាត្រា ៣៥ វាក្យខណ្ឌទី១ ដែលចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ប្រទេសជាតិ»។ ជាងនេះទៅទៀត ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៣៦៨ ក៏បានចែងថា «សហគមន៍មូលដ្ឋាន សាធារណជន និងសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមផ្ដល់ និងទទួលយកព័ត៌មានទាក់ទងនឹងការគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ»។ ដូច្នេះ យុវជន និងសកម្មជនបរិស្ថានដែលបានបំពេញកិច្ចការប្រមូលព័ត៌មាន និងរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងការបំពុលបរិស្ថាន គឺពុំមែនជាអំពើខុសច្បាប់ឡើយ ក្នុងន័យនេះ ពួកគេមិនត្រូវទទួលរងការផ្ដន្ទាទោស ដោយសារភាពសកម្មក្នុងការងារថែរក្សាបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិឡើយ។ នៅក្នុងឆ្នាំ២០២៤ មានសកម្មជនបរិស្ថានជាយុវជន យ៉ាងហាច ណាស់ចំនួន១០នាក់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសជាប់ពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំ ដោយសារភាពសកម្មរបស់ពួកគាត់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ។[6]
យើងយល់ថា ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព មិនមែនពឹងផ្អែកតែលើចេតនាល្អ ឬគោលនយោបាយល្អនោះទេ តែតម្រូវឱ្យមានឧបករណ៍ ព័ត៌មាន ទិន្នន័យ វិធីសាស្ត្រវាស់វែង ត្រួតពិនិត្យ និងការសម្របសម្រួល។ បញ្ញាសិប្បនិម្មិត (អេអាយ) គឺជាឧបករណ៍ដ៏ឆ្លាតវៃមួយដែលអាចជួយផ្ដល់ព័ត៌មាន និងតាមដានបញ្ហាកាប់បំផ្លាញព្រៃឈើនៅតំបន់ជាក់លាក់ណាមួយបានយ៉ាងត្រឹមត្រូវ។ អេអាយ ក៏ជាឧបករណ៍ច្នៃប្រឌិតមួយដែលជួយឱ្យយើងប្រើប្រាស់ធនធានដែលមានស្រាប់បានប្រសើរឡើង ដូចជាការកំណត់ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងវិស័យរក្សាបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ។ យុវជន និងសកម្មជនបរិស្ថានដែលយល់ដឹងពីសារៈសំខាន់នៃការតស៊ូមតិដោយមានភស្តុតាងជាសំអាង ក៏បានប្រើប្រាស់បច្ចេកវិទ្យា អេអាយ នេះជាជំនួយក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ និងទីតាំងជាក់លាក់អំពីការបំពុលបរិស្ថាន ការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិផ្សេងៗទៀតទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេល វេលា។ សរុបមក ការលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា អេអាយ ទូលំទូលាយដល់យុវជននិងសកម្មជន បរិស្ថាន គឺជាកត្តាចាំបាច់ដែលជួយជំរុញការសម្រេចបាននូវគោលនយោបាយជាតិក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ផ្ទុយទៅវិញ ការផាត់ចេញ និងធ្វើទុក្ខបុកម្នេញដល់ពួកគាត់ នឹងធ្វើឱ្យបាក់ស្មារតី គឺជាការទុកផ្លូវឱ្យមានការប្រព្រឹត្តបទល្មើសបរិស្ថាន និងធនធានធម្មជាតិបន្តទៀត សម្រាប់ផលប្រយោជន៍បុគ្គល និងបក្សពួក។
យើងខ្ញុំមានការព្រួយបារម្ភ ចំពោះផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន និងសង្គម ជាពិសេសនៅតាមតំបន់ព្រៃ តំបន់ឆ្នេរ និងទន្លេ ដោយសារគម្រោងអភិវឌ្ឍន៍នានា ដែលអាចប្រតិបត្តិការគម្រោងដោយខ្វះការតាមដានត្រួតពិនិត្យប្រកបដោយគណនេយ្យភាព តម្លាភាព និងបរិយាប័ន និងខ្វះការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្របតាមលិខិតបទដ្ឋានគតិយុត្តស្តីពីការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (វ.ហ.ប.) ឡើយ។ យោងតាមការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមផ្តោតលើគម្រោងអភិវឌ្ឍន៍ក្នុងខេត្តកោះកុង និងខេត្តព្រះ សីហនុ របស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និងអង្គការអាក់សិនអេតកម្ពុជា (AAC) ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា ៧២ភាគរយនៃអ្នកឆ្លើយតបគឺមិនបានដឹងពីគម្រោងវិនិយោគនៅក្នុងតំបន់មូលដ្ឋានរបស់ពួកគេទេ និង ៦៨ភាគរយ គឺមិនបានដឹងពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឡើយ ខណៈ ៥០,៤ភាគរយ បានរាយការណ៍ថាបានរងផលប៉ះពាល់អវិជ្ជមានពីមធ្យមទៅខ្លាំងពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។
ការបារម្ភមួយទៀតរបស់យើងខ្ញុំ គឺបញ្ហាគ្រប់គ្រងសំរាម និងកំណើនប្លាស្ទិក។ ជាទូទៅក្នុងមួយឆ្នាំៗកំណើនសំរាមនៅប្រទេសកម្ពុជាកើនឡើង១៥ភាគរយ ដោយឡែកនៅតែក្នុងរាជធានីភ្នំពេញមួយប៉ុណ្ណោះ សំរាមមានការកើនឡើងពី ២.៧០០ទៅ ៣.០០០តោន ក្នុងមួយថ្ងៃៗ ហើយនៅក្នុងសំណល់សំរាម១០០ភាគរយគឺ ៦៨ភាគរយជាសំណល់សរីរាង្គ និង ២០ភាគរយគឹសំណល់ប្លាស្ទិក ហើយ១០ភាគរយជាសំណល់រឹង។[7] សព្វថ្ងៃការប្រើប្រាស់ ប្លាស្ទិកមានការកើនឡើងជាកំហុក ដោយគ្រាន់តែនៅរាជាធានីភ្នំពេញមានការប្រើប្រាស់ថង់ប្លាស្ទិក ១០លានថង់ក្នុងមួយថ្ងៃ ខណៈប្រជាពលរដ្ឋកម្ពុជាម្នាក់ដែលរស់នៅក្នុងទីក្រុងនានាប្រើប្រាស់ ២.០០០ថង់ ក្នុងមួយឆ្នាំ។ ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរក្នុងមួយខ្នងផ្ទះ ប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន ១២ថង់ ក្នុងមួយថ្ងៃ ហើយបរិមាណជាង ៤៨ភាគរយ ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។[8] ការគ្រប់គ្រងសំរាមនៅមានកំរិតទាប និងកំណើនសំណល់ប្លាស្ទិកបានបង្កការគំរាមកំហែងយ៉ានធ្ងន់ធ្ងរដល់បរិស្ថាន ជីវចម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។
យើងខ្ញុំទាំងអស់គ្នាសូមសំណូមពរ និងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមានសមត្ថកិច្ច ពាក់ព័ន្ធនានាមេត្តា ៖
១. បញ្ឈប់ការផ្តល់ដីគម្របព្រៃឈើ និងព្រៃនៅតំបន់ការពារធម្មជាតិដល់ក្រុមហ៊ុនឯកជន ដើម្បីរក្សាគម្របព្រៃឈើដែលនៅសេសសល់សម្រាប់ការថែរក្សាបរិស្ថាន និងការការពារ ការអភិរក្សធនធានធម្មជាតិ ដែលអាចសម្រេចបាននូវគោលដៅអាកាសធាតុដែលបានបញ្ជាក់កាលពីមុនដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការបំភាយឧស្ម័នប្រវត្តិសាស្ត្រ និងអត្រាការកាប់បំផ្លាញព្រៃឈើត្រឹមឆ្នាំ២០៣០ ក៏ដូចជាផែនការដាំស្តារគម្របព្រៃឈើឡើងវិញឲ្យបាន ៦០% ក្នុងឆ្នាំ២០៥០។
២. បើកលំហសិទិ្ធ សេរីភាពដល់សកម្មជន យុវជនបរិស្ថាន អង្គការសង្គមស៊ីវិល និងសាធរណជន ដើម្បីឱ្យពួកគេអាចអនុវត្តសិទិ្ធ សេរីភាព ចូលរួមថែរក្សាបរិស្ថាន និងការពារ អភិរក្សព្រៃឈើ និងធនធានធម្មជាតិដទៃទៀតរបស់ប្រទេសស្របទៅតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជា និងក្រមបរិស្ថាន និងធនធានធម្មជាតិ។ យើងសូមសំណូមពរយ៉ាងទទូចដល់រាជរដ្ឋាភិបាល និងតុលាការ ទម្លាក់ការចោទប្រកាន់ និងដោះលែងសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសជាប់ពន្ធនាគារ ដោយសារតែអនុវត្តសិទិ្ធ សេរីភាព ចូលរួមថែរក្សាបរិស្ថាន និងការពារ អភិរក្សព្រៃឈើ និងធនធានធម្មជាតិ។
៣. បង្កើនការគាំពារ និងលើកទឹកចិត្តដល់យុវជន និងសកម្មជនបរិស្ថានក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (អេអាយ) ជាឧបករណ៍ឆ្លាតវៃក្នុងការតាមដាន ស្រាវជ្រាវរកព័ត៌មាន និងទិន្នន័យអំពីការបំពុលបរិស្ថាន ការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិផ្សេងៗទៀត ដែលរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។ សូមចាត់វិធានការចំពោះបុគ្គល និងមន្ត្រីខិលខូចមួយចំនួនដែលធ្វើទុក្ខបុកម្នេញនិងធ្វើឱ្យបាក់ស្មារតីសកម្មជនទាំងនោះ ក្នុងគោលបំណងទុកផ្លូវឱ្យមានការប្រព្រឹត្តបទល្មើសបរិស្ថាន និងធនធានធម្មជាតិបន្តទៀត សម្រាប់ផលប្រយោជន៍បុគ្គល និងបក្សពួក។
៤. ក្រសួងបរិស្ថានគួរប្តេជ្ញាចិត្តដើម្បីលើកកម្ពស់ តម្លាភាព និងគណនេយ្យភាពឱ្យកាន់តែច្រើននៅក្នុងដំណើរ វ.ហ.ប. និងបង្ហាញព័ត៌មានដ៏ទូលំទូលាយទាក់ទងនឹងនីតិវិធី និងដំណើរការ វ.ហ.ប. ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍ដែលរងផលប៉ះពាល់ ជាពិសេសនៅតាមតំបន់ព្រៃសហគមន៍ដែលជនជាតិដើមភាគតិចកំពុងរស់នៅ និងអាស្រ័យផលទៅតាមទំនៀមទម្លាប់ ប្រពៃណីរបស់ពួកគាត់ និងបណ្តាសហគមន៍មូលដ្ឋាននានារួមមាន សហគន៍ព្រៃឈើ សហគមន៍នេសាទតាមតំបន់ឆ្នេរ និងដងទន្លេ។ សូមអនុវត្តតាមគោលការណ៍ច្បាប់តឹងរ៉ឹងបំផុតចំពោះបណ្តាក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ណាដែលមិនអនុវត្តតាមនីតិវិធី វ.ហ.ប. និងមិនគួរផ្តល់យោបល់ជូនរាជរដ្ឋាភិបាលផ្តល់ដីដល់គម្រោងវិនិយោគណាដែលផ្អែកតាមរបាយការណ៍ វ.ហ.ប. ថានឹងមានផល ប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សហគមន៍មូលដ្ឋាន បំពុលបរិស្ថាន និងបាត់បង់គម្របព្រៃឈើ រួមទាំងធនធានធម្មជាតិដទៃទៀតរបស់ជាតិ។
៥. ក្រសួងបរិស្ថាន និងក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធនានាគួរពង្រឹង និងជំរុញការអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ ដោយប្រសិទ្ធភាព។ ចំពោះបញ្ហាសំរាម និង ប្លាស្ទិក រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធគួរបង្កើតឱ្យមានចំណាត់ថ្នាក់ពន្ធចំពោះសំណល់ឧស្សាហកម្មត្រូវបាន អនុវត្តជាសាធារណៈ និងការផាកពិន័យតឹងរ៉ឹងលើការបោះសំរាមចោលពាសវាលពាសកាល ដូចជាការបោះសំរាមចូលក្នុងប្រឡាយ បឹង ទន្លេ និងសមុទ្រ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងកម្រិតអតិបរមា។ ក្រសួងបរិស្ថានគួរពង្រីក និងបន្ថែមការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិធីសាស្រ្តទាំង៤ ដែលអាចកាត់បន្ថយប្លាស្ទិក គឺ យុទ្ធសាស្ត្រ ៤ Rs+ ៖ ១) បដិសេធមិនប្រើប្លាស្ទិក (Refuse), ២) កាត់បន្ថយ (Reduce), ៣) ប្រើប្រាស់ឡើងវិញ (Reuse), ៤) កែច្នៃ (Recycle) និង រំឭកឡើងវិញ (Remind)។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ ៖
១. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
២. អង្គការសម្ព័ន្ធភាពដៃគូដម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេត្យ (CPDD)
៣. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
៤. មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR)
៥. អង្គការសមធម៌កម្ពុជា (EC)
៦. អង្គការ Jesuit Service-Cambodia (JSC)
៧. អង្គការសមាគមធាងត្នោត (STT)
៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស (CENTRAL)
[1]ប្រពភព៖ ស្ថាន៍ទូរទស្សន៍ព័ត៌មាន BTV News Cambodia ការប្រារព្ធវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា។
[2] ប្រភព៖ សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥។ កម្មវិធីវិធីព្រៃឈើជាតិ ២០១០-២០២៩ (ទំព័រទី៣០)។
[3] ប្រពភ៖ ព័ត៌មានពលរដ្ឋ (CJNEWS) ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
[4] ប្រពភ៖ វិទ្យុបារាំងអន្តរជាតិ (rfi) ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥។ ម៉ុងហ្គាបេ ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក។
[5] ប្រពភ៖ ប្រពភ៖ វិទ្យុបារាំងអន្តរជាតិ (rfi) ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥។ ម៉ុងហ្គាបេ ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក។ ខ្មែរថាមស៍ ចុះផ្សាយថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២២ ៖ កម្ពុជាប្ដេជ្ញាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើឲ្យបានពាក់កណ្តាលត្រឹមឆ្នាំ២០៣០។
[6] ប្រភព៖ អត្ថបទរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស (លីកាដូ) សកម្មជនចលនាមាតាធម្មជាតិ ត្រូវបានចាប់ខ្លួនយ៉ាងកំរោល និងជាប់ទោសពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំ ចុះផ្សាយថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។





Comments