សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលនៃទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥
- PED Cambodia

- Mar 25
- 1 min read
Updated: Aug 28

យើងខ្ញុំទាំងអស់គ្នា ជាតំណាងអង្គការ និងសមាគមចំនួន ៦ ស្ថាប័នបានសហការរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ "អភិរក្សព្រៃឈើ ដើម្បីនិរន្តរភាពសហគមន៍" កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានគោលបំណង៖ ១) អបអរសាទរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥, ២)លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជនអំពីសារៈសំខាន់នៃព្រៃឈើក្នុងការអភិវឌ្ឍសហគមន៍, និង៣) ផ្ដល់វេទិកាស ម្រាប់យុវជន និងសហគមន៍ក្នុងការបញ្ចេញមតិ បង្ហាញពីក្តីកង្វល់ បញ្ហាប្រឈម និងអនុវត្តសិទ្ធិរបស់ពួកគេក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
យើងខ្ញុំយល់ឃើញថា ការបន្តរឹតត្បិតសហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានមិនឱ្យចុះល្បាតព្រៃឈើ ខណៈពេលដែលក្រសួងបរិស្ថានបានលើកឡើងម្តងហើយម្តងទៀតថា ក្រសួងពុំមានធនធានជាមន្ត្រីឧទ្យានុរក្សគ្រប់គ្រាន់ដើម្បីការពារ និងទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិទាំង ៧៣ តំបន់ ឬស្មើនឹងទំហំផ្ទៃដីព្រៃ ៧,៣ លានហិកតា គឺជាការបន្ថែមនូវចន្លោះប្រហោងដ៏ធំ និងជាការបើកផ្លូវដោយប្រយោលសម្រាប់ឈ្មួញខិលខូចបន្តមានលទ្ធភាពកាប់បំផ្លាញព្រៃឈើដែលជាមរតកដ៏មានតម្លៃសម្រាប់ជាតិខ្មែរយើង។
យើងខ្ញុំមានក្តីព្រួយបារម្ភថា កម្ពុជាមិនអាចសម្រេចបាននូវផែនការបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០ ដ្បិតផែនការនេះបានពន្យាពេលម្តងរួចហើយ យោងតាមកម្មវិធីព្រៃឈើជាតិសម្រាប់អនុវត្តន៍ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៩ ដោយបានប្តេជ្ញាបង្កើនគម្របព្រៃឈើឱ្យបាន ៦០ ភាគរយត្រឹមឆ្នាំ២០២៩ ក៏ប៉ុន្តែប្រាំបីឆ្នាំក្រោយមកបន្ទាប់ពីគោលនយោបាយនេះបានអនុម័តិឱ្យប្រើប្រាស់ គម្របព្រៃឈើកម្ពុជាបានធ្លាក់ចុះពី ៥៧,៧[1] ភាគរយ មកនៅត្រឹម ៤៦,៨៦[2] ភាគរយនៅឆ្នាំ២០១៨។ លើសពីនេះទៅទៀតការកែប្រែដីតំបន់ការពារធម្មជាតិទៅជាទម្រង់ដីសម្បទានកិច្ច និងការអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិនៅតែបន្តកើតមានឡើង។
យើងខ្ញុំសូមសាទរ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានដាក់ចេញនូវវិធានការចំនួន ៤ ចំណុចដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ដោយបញ្ចប់វប្បធម៌ចុះកិច្ចសន្យា និងដោះលែងជនល្មើស ការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងជំរុញការស្តារ និងដាំដើមឈើឱ្យបានយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ។
យ៉ាងណាមិញ ដើម្បីឱ្យគំនិតផ្តួចផ្តើមថ្មីនេះ និងការអនុវត្តគោលនយោបាយនានាដែលមានស្រាប់ឱ្យមានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់ យើងខ្ញុំយល់ឃើញថាមានតែការបើកទូលាយឱ្យសហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលចូលរួមក្នុងសកម្មភាពចុះល្បាតរួមគ្នា និងទទួលយករបាយការណ៍ដែលបានចេញផ្សាយដោយអង្គការជាតិ-អន្តរជាតិ និងចាត់វិធានការយ៉ាងធ្ងន់ធ្ងរទៅលើអ្នកពាក់ព័ន្ធដែលបានគប់គិតគ្នាបំផ្លិចបំផ្លាញព្រៃឈើ ដើម្បីបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ក្រសួងបរិស្ថាន និងជាការស្តារទំនុកចិត្តដល់សាធារណជនឡើងវិញផងដែរ។
យើងខ្ញុំសូមសំណូមពរ និងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថានមេត្តា៖
1. ចាត់ទុកសហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ថាជាដៃគូដើម្បីរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ ដ្បិតវត្តមានរបស់យើងខ្ញុំនឹងចូលរួមចំណែកទប់ស្កាត់អំពើពុករលួយ និងការគប់គិតគ្នារបស់ឈ្មួញខិលខូច និងអ្នកអនុវត្តច្បាប់ខិលខូចនៅថ្នាក់មូលដ្ឋាន។
2. អនុញ្ញាតឱ្យសហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលចូលរួមចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើឡើងវិញ និងសហការរៀបចំបុណ្យបំបួសព្រៃឈើ ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងបញ្ចប់ឱ្យបានបទល្មើសព្រៃឈើនៅទូទាំងប្រទេស។
3. ទទួលស្គាល់ និងគោរពសិទ្ធិសហគមន៍ជនជាតិដើមភាគតិច ដូចមានចែងនៅក្នុងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិជនជាតិដើមភាគតិចរបស់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជា ជារដ្ឋហត្ថលេខី។
4. ឆ្លើយតបជាវិជ្ជមាន និងផ្តល់ដំណោះស្រាយសមស្របទៅនឹងរាល់សំណើរ សេចក្តីអំពាវនាវ ញត្តិស្នើសុំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងនៅក្នុងមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងនៅក្នុងវាក្យខណ្ឌទី ២ ថាសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
5. ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ គណកម្មការបង្ក្រាបបទល្មើសព្រៃឈើគួរពង្រឹងការអនុវត្តការងាររបស់ថ្នាក់មូលដ្ឋានរបស់ខ្លួន និងធ្វើអធិការកិច្ចវិជ្ជាជីវៈជាទៀងទាត់ លើគុណភាពនៃការបំពេញការងាររបស់មន្ត្រីទាំងនោះ និងលើកទឹកចិត្តដល់មន្ត្រី ទាំងឡាយណា ដែលអនុវត្តការងារមានប្រសិទិ្ធភាព៕
សេចក្តីថ្លែងការនេះគាំទ្រដោយ៖
1. អង្គការអាក់សិនអេតកម្ពុជា (AAC)
2. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
3. អង្គការសមធម៌កម្ពុជា (EC)
4. អង្គការ Jesuit Service Cambodia (JSC)
5. អង្គការភាពជាដៃគូរដើម្បីការអភិវឌ្ឍ និងបរិស្ថាន (PED)
6. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
[1] ប្រភពរដ្ឋបាលព្រៃឈើ Forest cover sesources Cambodia 2010
[2] ក្រសួងបរិស្ថាន Cambodia Forest Cover 2018





Comments