សេចក្តីថ្លែងការណ៍រួម
- Miss. Hok Kimleang

- Sep 2
- 1 min read
Updated: Sep 4
សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល បង្ហាញគោលជំហររួមគ្នា
ស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥
យើងខ្ញុំជាសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមខាងក្រោម សូមបង្ហាញគោលជំហររួមគ្នាស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។ សំណើរួមលើការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៣២ ដុល្លារអាមេរិក នេះ គឺផ្អែកលើស្ថានភាពចាំបាច់ទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
កម្រិតប្រាក់ឈ្នួលនាពេលបច្ចុប្បន្នចំនួន ២០៨ ដុល្លារអាមេរិក ក្នុងមួយខែ មានកម្រិតទាបពុំគ្រប់គ្រាន់នឹងការចំណាយក្នុងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរឡើយ។ យោងតាមរបកគំហើញនៃការស្រាវជ្រាវរបស់សម្ព័ន្ធប្រាក់ ឈ្នួលអាស៊ីចេញផ្សាយក្នុងឆ្នាំ ២០២៤ លើកឡើងថា កម្មករនិយោជិតចំណាយប្រចាំខែជាមធ្យមចំនួន ៤០៨ ដុល្លារអាមេរិកលើអាហារ និងក្រៅពីអាហារ ដែលស្ទើរតែទ្វេរដងនៃប្រាក់ចំណូលជាមធ្យមរបស់កម្មករដែលមានត្រឹមតែចំនួន ២៥០ ដុល្លារអាមេរិក។ បន្ថែមលើនេះ វិទ្យាស្ថានស្រាវជ្រាវ Anker បានធ្វើការប៉ាន់ប្រមាណក្នុងឆ្នាំ ២០២៤ ថា កម្មករនិយោជិតម្នាក់ដែលរស់នៅក្នុងគ្រួសារនៅតំបន់នានានៃប្រទេសកម្ពុជា ត្រូវទទួលបានប្រាក់ចំណូលចំនួន ២៣២ ដុល្លារ អាមេរិក ចំណែកកម្មករនិយោជិតក្នុងគ្រួសាររស់នៅទីប្រជុំជន ត្រូវទទួលបានប្រាក់ចំណូលចំនួន ៤១៧ ដុល្លារអាមេរិកក្នុងមួយខែ ទើបគ្រប់គ្រាន់សម្រាប់ការចំណាយលើការរស់នៅក្នុងជីវភាពសមរម្យ និងលើតម្រូវការសំខាន់ផ្សេងៗទៀត ក្នុងនោះរួមទាំងរបបសន្តិសុខសង្គម។ ប្រព័ន្ធត្រួតពិនិត្យការងារយុត្តិធម៌ ឆ្នាំ ២០២៤ របស់អង្គការ CNV International បានរកឃើញគម្លាត ៤១% រវាងប្រាក់ចំណូលមធ្យម និងការចំណាយលើការរស់នៅ ដែលបង្ខំឱ្យកម្មករនិយោជិតប្រមាណ៧៣% ខ្ចីបំណុលដើម្បីផ្គត់ផ្គង់ជីវភាពដ៏លំបាកនេះ។
គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយនេះបន្តរុញច្រានកម្មករនិយោជិតឱ្យកាន់តែធ្លាក់ក្នុងបំណុល និងភាពក្រីក្រ និងបង្ខំឱ្យពួកគេកាត់បន្ថយការចំណាយលើថ្លៃអាហារ ការថែទាំសុខភាព និងការអប់រំ។ ជារឿងពុំសមទំនងឡើយនៅពេលកម្មករនិយោជិតដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពុំទទួលបាននូវស្ថានភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងពេលដែលវិស័យនេះបន្តទាក់ទាញការវិនិយោគអន្តរជាតិ និងផ្តល់ប្រាក់ចំណេញច្រើនដល់ក្រុមហ៊ុនម៉ាកយីហោ និងនិយោជក។
ទោះបីជាការស្រាវជ្រាវនានាបង្ហាញថាការចំណាយជាមធ្យមរបស់គ្រួសារលើសពីកម្រិតប្រាក់ចំណូលរបស់កម្មករនិយោជិតក្តី តែក៏សហជីព និងអង្គការសង្គមស៊ីវិលយល់ស្របរួមគ្នាស្នើការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួនតែ ២៣២ ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ ដែលមានកម្រិតទាបខ្លាំងជាងការចំណាយជាក់ស្តែងក្នុងជីវភាពរស់នៅរបស់កម្មករនិយោជិត ដែលចាំបាច់ត្រូវតែតម្លើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ យើងខ្ញុំជាសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដូចមានរាយនាមខាង ក្រោម ស្នើក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជា និងសមាគមនិយោជក ទទួលយកសំណើរបស់យើងខ្ញុំក្នុងការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៦៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ទូរស័ព្ទ៖ 015 787 857
លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ 012 971533
សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន៖
១. មជ្ឈមណ្ឌលធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC)
២. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
៤. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៥. សហព័ន្ធសហជីពកម្ពុជា (CATU)
៦. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)
៧. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៩. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១0. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១២. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៣. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១៤. អង្គការយុទ្ធនាការសម្លៀកបំពាក់ស្អាត (CCC) ប្រទេសហូឡង់
១៥. អង្គការសមធម៌កម្ពុជា (EC)
១៦. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
១៧. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
១៨. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
១៩. សហព័ន្ធសហជីពឥទ្ធិពលការងារ (FULI)
២០. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២១. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
២២. អង្គការពលកម្មក្រោយស្លាកសម្លៀកបំពាក់ (LBL) ចក្រភពអង់គ្លេស
២៣. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឈន៍ (PED)
២៤. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើអើងលើនារីភេទ (NGO-CEDAW)
២៥. បណ្តាញសាមគ្គីភាពម៉ាគីឡា (MSN) ប្រទេសកាណាដា
២៦. អង្គការសមាគមធាងត្នោត (STT)
២៧. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
២៨. អង្គការក្លាហាន (Klahaan)





Comments