សេចក្តីថ្លែងការណ៍រួម សូមលើកលែងបទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ថា
- Miss. Hok Kimleang

- Jul 14
- 2 min read
Updated: Aug 28
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលរួមមាន សហជីព សហព័ន្ធសហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំងចំពោះតុលាការខេត្តស្វាយរៀង ដែលនៅតែបន្តឃុំខ្លួនលោក ជា ចាន់ថា ទាំងអយុត្តិធម៌ ។ អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលលោក ជា ចាន់ថា នៅជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ខណៈដែលគាត់កំពុងមានជំងឺប្រចាំកាយ ហើយគ្រួសាររបស់លោកកំពុងតែមានវិបត្តិផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ។ ការចាប់ និងការឃុំខ្លួនលោក ជា ចាន់ថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពការងារស្របច្បាប់របស់សមាគម ជាពិសេសការងារចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចុះឈ្មោះក្នុងបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មុខរបរបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ សកម្មភាពរបស់លោក គួរតែទទួលបានការលើកទឹកចិត្ត ពីអាជ្ញាធរពាក់ព័ន្ធ ដែលជាការជួយដល់រាជរដ្ឋាភិបាល ក្នុងការឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែច្រើនយល់ដឹង និងទទួលបានអត្ថប្រយោជន៍ពីរបបបុគ្គលស្វ័យនិយោជន៍នេះ ។ ផ្ទុយទៅវិញ លោកបែរជាត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ទៅវិញ ។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ជា ចាន់ថា ដែលជាថ្នាក់ដឹកនាំតំបន់ របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងបានចាប់ និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀង ក្រោយពេលដែលលោកចុះទៅផ្សព្វផ្សាយព័ត៌មានពីប័ណ្ណ ប.ស.ស ដល់អាជីវករ ។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ជា ចាន់ថា ត្រូវបានតុលាការខេត្តស្វាយរៀងចោទប្រកាន់ពី បទឆបោកតាមមាត្រា ៣៧៧ និង ៣៧៨ និងបទធ្វើសកម្មភាពបង្កើតឱ្យមានការភាន់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ តាមមាត្រា ៦១០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ជា ចាន់ថា និងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ផ្សេងទៀត បានចូលរួមយ៉ាងសកម្ម ក្នុងការងារផ្សព្វផ្សាយឱ្យសមាជិកថ្នាក់តំបន់ អាជីវករអ្នកលក់ដូរតាមដងផ្លូវ អ្នកធ្វើការតាមផ្ទះ បានដឹង និងនាំគ្នាចុះឈ្មោះស្វ័យនិយោជន៍ក្នុងកម្មវិធី បេឡាជាតិរបបសន្តិសុខសង្គម ដោយក្នុងនោះមានការអញ្ជើញមន្ត្រីមកពីបេឡាជាតិសន្តិសុខសង្គម មកចូលរួមធ្វើបទបង្ហាញផងដែរ ។ ការងារទាំងនេះ គឺជាការជួយដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវវត្ថុបំណងដែលចង់ឱ្យពលរដ្ឋទាំងអ្នកធ្វើការងារក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ទទួលបានអត្ថប្រយោជន៍ពីរបបបេឡាជាតិសន្តិសុខសង្គម និងការពារសិទិ្ធរបស់បងប្អូនដែលកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពលោក ជា ចាន់ថា ត្រូវបានអនុប្រធានសាលាដំបូងខេត្តស្វាយរៀងសម្រេចផ្តន្ទាទោសកំណត់ដាក់ពន្ធនាគាររយៈពេល ១៨(ដប់ប្រាំបី)ខែ ពីបទឆបោក និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទាំងតុលាការពុំបានបង្ហាញថាតើអ្នកណាជាជនរងគ្រោះនៃអំពើរបស់លោក ជា ចាន់ថា ឡើយ ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ជា ចាន់ថា បានធ្វើបណ្តឹងឧទ្ធរណ៍ទៅនឹងការផ្តន្ទាទោសខាងលើហើយគាត់បានរង់ចាំនីតិវិធីជំនុំជម្រះនៅសាលាឧទរណ៍ភ្នំពេញជាង៧ខែយ៉ាងអន្ទៈសាទើបសាលាឧទ្ធរណ៍កំណត់បើកសវនាការលើបណ្តឹងរបស់គាត់នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នាពេលខាងមុខនេះ ។
អំឡុងពេលនៃការជាប់ឃុំបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តស្វាយរៀង អស់រយៈពេលជិតមួយឆ្នាំមកនេះ ស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោក ជា ចាន់ថា កាន់តែដុនដាបទៅៗ ដោយសារជំងឺប្រចាំកាយមុនពេលជាប់ពន្ធនាគារផង និងស្ថានភាពលំបាកនៅក្នុងពន្ធនាគារផង ។ ក្រុមគ្រួសាររបស់លោក ក៏កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង ក្រោយលោកជាប់ពន្ធនាគារ ដោយរាល់បន្ទុកទាំងអស់ត្រូវធ្លាក់លើភរិយារបស់លោកតែម្នាក់ ។ កូនស្រី ដែលទើបតែមានអាយុ ២ឆ្នាំ ៨ខែ តែងតែយំ និងសួររកឪពុករបស់គេជាប់ជាប្រចាំ ។
យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម ជាថ្មីម្តងទៀត ស្នើសុំឱ្យតុលាការ សូមមេត្តាលើកលែងបទចោទប្រកាន់ និងដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចឱ្យលោកបន្តមុខរបរក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដោះស្រាយបញ្ហាជីវភាពគ្រួសារ និងជួយដល់សង្គមជាតិផងដែរ។ សកម្មភាពរបស់លោកគឺជាចលករមួយបានជួយពន្លឿនដល់ទិសដៅរបស់រដ្ឋាភិបាលដែលពលរដ្ឋនឹងទទួលបានចំណូលខ្ពស់ក្នុងឆ្នាំ២០៣០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលនឹងបញ្ចប់ក្នុងឆ្នាំ២០៣០ខាងមុខនេះផងដែរ ៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លេខទូរស័ព្ទ៖ 093 629 298
សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖
1. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ធំ (កំពង់ឆ្នាំង)
2. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
3. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
4. សហគមន៍បឹងពីរ (បាត់ដំបង)
5. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
6. សហព័ន្ធសហជីពកម្ពុជា (CATU)
7. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
8. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
9. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
10. សមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC)
11. សមាគមពង្រឹងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ(CIERA)
12. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ(CIWA)
13. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
14. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
15. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
16. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
17. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
18. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
19. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
20. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
21. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
22. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
23. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
24. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
25. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
26. សហគមន៍ឃ្លាំងទឹក ៧៨ (សៀមរាប)
27. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
28. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ខេត្តព្រះវិហារ)
29. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏
30. សហគមន៍ដីធ្លីខេត្តប៉ៃលិន
31. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
32. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
33. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
34. សហគមន៍ភ្នំក្រោម (សៀមរាប)
35. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
36. សហគមន៍ព្រៃឈើពេជចង្វាល្អឆើត (កំពង់ឆ្នាំង)
37. សហគមន៍ព្រៃឡង់ (កំពង់ធំ)
38. សហគមន៍ព្រៃឡង់ (ក្រចេះ)
39. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
40. សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
41. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
42. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
43. សមាគមស្រ្តីជនបទដើម្បីក្សេត្របរិស្ថាន (សសជក)
44. អង្គការសមាគមធាងត្នោត (ស.ធ.ត)
45. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
46. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
47. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
48. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
49. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
50. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
51. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
52. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)





Comments