ជីវប្រវត្តិលោក ស្រី ថី អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តព្រះវិហារ
- PED Cambodia

- Mar 15
- 1 min read
Updated: Aug 28

លោក ស្រី ថី អាយុ៥៥ឆ្នាំ មានតួនាទីជាអ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តព្រះវិហារ។ លោកមានទីលំនៅភូមិស្រែវាល, ឃុំធ្មារ, ស្រុកជ័យសែន, ខេត្តព្រះវិហារ។ លោកបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៣នៅសាលាបឋមសិក្សាស្រែវាល នៅឆ្នាំ១៩៧៩ ក្នុងសម័យរបបវាលពិឃាតប៉ុលពត។ លោកជាកូនទីប្រាំក្នុងចំណោមបងប្អូនសរុបចំនួន៥នាក់ ក៏ប៉ុន្តែជាអកុសល បងប្អូនម្នាក់ត្រូវបានគេសម្លាប់នៅសម័យខ្មែរក្រហម។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាឈ្មោះ ឡី ហឿន។
មូលហេតុដែលលោកស្រី ថី សម្រេចចិត្តចូលរួមក្នុងការងារជាអ្នកការពារព្រៃឈើ និងធនធានធម្មជាតិនៅក្នុងសហគមន៍ ដោយសារតាំងពីដូនតាមកក្រុមគ្រួសាររបស់លោកបានប្រកបរបរជាអ្នកប្រមូលអនុផលព្រៃឈើដើម្បីដូរយកស្រូវអង្ករហូប។ ព្រៃគឺជាប្រភពមុខរបរដ៏សំខាន់មួយនៅក្នុងសហគមន៍ ក្រៅពីការចិញ្ចឹមគោក្របីតិចតួច។ តាមទម្លាប់របស់អ្នកភូមិ ក្រោយរដូវប្រមូលផលស្រែចម្ការចប់រួចរាល់ ពួកគាត់តែងតែនាំគ្នាចូលព្រៃដើម្បីស្វែងរកវល្លិផ្សេងៗ ឬដងជ័រទឹកដើម្បីមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ក្រោយមកអ្នកភូមិបានជួបប្រទះនូវផលលំបាក បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ដីសម្បទានទៅឱ្យក្រុមហ៊ុនឯកជនឈ្មោះធីម៉ាសរីសស រយៈពេល៧៥ឆ្នាំ នៅអំឡុងឆ្នាំ១៩៩៨។ ក្រុមហ៊ុនមួយនេះបានចូលទៅឈូសឆាយ និងកាប់បំផ្លាញដើមច្បោះរបស់ប្រជាពលរដ្ឋអស់រាប់ពាន់ដើម។ បន្ទាប់មកមានជនបរទេសម្នាក់ឈ្មោះភីតទ័រ បានផ្តល់ការអប់រំបណ្តុះបណ្តាលដល់សហគមន៍ និងជួយបង្កើតគណកម្មការគ្រប់គ្រងព្រៃឈើនៅមូលដ្ឋាន និងឈានទៅបង្កើតគណកម្មការរួមធំមួយនៅឆ្នាំ១៩៩៩ដើម្បីឱ្យសហគមន៍អាចជួយគ្នាទៅវិញទៅមក។ ការបង្កើតគណកម្មការព្រៃឈើនេះមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋមកពីច្រើនភូមិឃុំ។ លុះរហូតដល់ឆ្នាំ២០១១ លោកឈុតវុទ្ធី បានចូលមកធ្វើការនៅក្នុងតំបន់ព្រៃឡង់ ហើយបានសម្របសម្រួល និងដឹកនាំអ្នកចូលរួមចុះល្បាតព្រៃ ដែលចុះម្តងៗប្រើពេលប្រហែលជាងកន្លះខែទៅមួយខែ។
បើរាប់ចាប់តាំងពីឆ្នាំ១៩៩៨មកដល់ឆ្នាំ២០២៣នេះ គឺមានរយៈពេល២៥ឆ្នាំហើយ លោកស្រី ថី បានចូលរួមចំណែកកសាងសមិទ្ធិផលជាច្រើននៅក្នុងសហគមន៍ដែលមានដូចជា ចូលរួមផ្តួចផ្តើមកសាងសាលារៀននៅភូមិឬស្សីស្រុក បណ្ណាល័យ ដាំកូនឈើ និងប្រលែងត្រីជាច្រើន។ ចំណែកការងារនៅក្នុងព្រៃឡង់វិញ គឺបានចូលរួមតវ៉ាទាមទាររហូតរដ្ឋាភិបាលបានសម្រេចចិត្តដកក្រុមហ៊ុនឯកជនឈ្មោះធីម៉ាស់រីសសចេញពីតំបន់ព្រៃឡង់បានសម្រេច។ នៅក្នុងឆ្នាំ២០០៣ ក្រោយពេលសហគមន៍បានថ្វាយញត្តិជូន អតីព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានជួយអន្តរាគមន៍ដោយស្នើឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់។ លុះក្រោយមកទៀត ក្រោយរដ្ឋាភិបាលបិទសម្បទានព្រៃគុប គេក៏បើកដៃឱ្យក្រុមហ៊ុនចូលមកកាប់បំផ្លាញព្រៃឡង់ម្តងទៀត ក្រោមរូបភាពជាដីសម្បទានសេដ្ឋកិច្ច។
សព្វថ្ងៃនេះបទល្មើសព្រៃឡង់បន្តកើតមានឡើងជាលំដាប់ រីឯក្រុមហ៊ុន PNT ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលដើម្បីដាំដុះដំណាំចម្រុះ តែជាក់ស្តែងក្រុមហ៊ុននេះមិនបានធ្វើសកម្មភាពអភិវឌ្ឍន៍ផ្នែកកសិកម្មអ្វីទាំងអស់ ក្រៅពីឈូសឆាយដីព្រៃដើម្បីប្រមូលយកឈើ។ នៅគ្រប់ពេលដែលពលរដ្ឋនាំគ្នាតវ៉ា និងរាយការណ៍រឿងនេះទៅកាន់អាជ្ញាធរ តែបែរជាអាជ្ញាធរ និងក្រុមហ៊ុនឆ្លើយតបដូចគ្នាថា ក្រុមហ៊ុនគ្រាន់តែស្តារបាតចំការតែប៉ុណ្ណោះ ទាំងដែលការពិតក្រុមហ៊ុននេះបានដឹកឈើជាច្រើនចេញពីតំបន់ព្រៃឡង់។
នៅថ្ងៃអនាគតលោកស្រីថី មានបំណងចង់ឃើញព្រៃឈើត្រូវបានការពារដោយច្បាប់ឡើងវិញ ជាពិសេសអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចគួរតែគោរពច្បាប់ និងជួយការពារធនធានធម្មជាតិឡើងវិញ។ រយៈពេលជាង២៥ឆ្នាំមកនេះ អ្វីដែលលោកស្រីថីសប្បាយចិត្ត និងមានមោទនភាពបំផុតនោះគឺ ស្មារតីសាមគ្គីភាពរបស់បណ្តាញសហគមន៍ព្រៃឡង់នៅក្នុងការបញ្ឈប់ក្រុមហ៊ុនធីម៉ារីសសកាប់បំផ្លាញព្រៃឈើនៅឆ្នាំ២០០៣។
នាពេលបច្ចុប្បន្ននេះលោកមើលឃើញថា សង្គមយើងមានបញ្ហាខ្លាំងជាងគេ គឺភាពអណាធិបតេយ្យចំពោះការអនុវត្តច្បាប់ ការបំផ្លាញព្រៃឈើ បញ្ហាដីធ្លី ការកាប់រានដីព្រៃជាដើម។ ចំណែកឯដំណោះស្រាយចំពោះការលុបបំបាត់ទាំងស្រុងនូវបទល្មើសកាប់បំផ្លាញព្រៃឈើវិញ លោកយល់ឃើញថា ប្រសិនបើ ប្រជាពលរដ្ឋមានមុខរបរ មានជីវភាពល្អប្រសើ នោះពួកគាត់នឹងឈប់ស៊ីឈ្នួលចូលទៅកាប់បំផ្លាញព្រៃឈើ ឬទន្ទ្រានយកដីព្រៃហើយ។ ម្យ៉ាងវិញទៀត ប្រសិនបើរដ្ឋាភិបាលចុះបង្រៀនពលរដ្ឋតាមមូលដ្ឋានឱ្យចេះដាំដំណាំ ឬចិញ្ចឹមសត្វនោះ ច្បាស់ជាពលរដ្ឋនឹងមានជីវភាពធូរធារជាក់ជាមិនខាន។
ចំពោះបញ្ហាប្រឈមនៅពេលលោកចុះធ្វើការងារនៅក្នុងសហគមន៍ម្តងៗ នោះគឺការប្រឈមមុខគ្នាជាមួយជនល្មើសដែលមានអាវុធកែច្នៃខុសច្បាប់។ ចំណែកបញ្ហាប្រឈមទី២វិញ គឺការរារាំងសហគមន៍មូលដ្ឋានពីសំណាក់មន្ត្រីឧទ្យានុរក្សមិនឱ្យចុះល្បាតការពារព្រៃ។ ការរិតត្បិតបានកើតឡើងចាប់តាំងពីឆ្នាំ២០១៩មកម្លេះ ក៏ប៉ុន្តែបណ្តាញសហគមន៍ព្រៃឡង់នៅតែជម្នះចូលទៅក្នុងព្រៃ ដើម្បីប្រមូលយកភ័ស្តុតាងពីបទល្មើសព្រៃឈើទ្រង់ទ្រាយធំរាយការណ៍ទៅកាន់ស្ថាប័នសាព័ត៌មាន និងអង្គការសង្គមស៊ីវិលឱ្យជួយផ្សព្វផ្សាយ។
នៅពេលសហគមន៍បានរាយការណ៍ពីបទល្មើសព្រៃទៅកាន់សារព័ត៌មាន អាជ្ញាធរបានចោទប្រកាន់ពួកយើងថាប្រឌិតភ័ស្តុតាង និងគំរាមចាប់ដាក់គុក ទោះបីយើងមានរូបថត និងលេខជីភីអេសច្បាស់ៗយ៉ាងណាក៏ដោយ។
រហូតមកដល់ពេលបច្ចុប្បន្ននេះលោកស្រី ថី នៅតែបន្តទទួលបានការគំរាមកំហែងនៅពេលរូបលោកចង់ចុះទៅព្រៃម្តងៗពីសំណាក់ក្រុមមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន។ ទោះបីជាយ៉ាងណាក៏ដោយ លោកមានមោទនភាព និងសប្បាយចិត្តខ្លាំងណាស់ដែលអាចបន្តការពារព្រៃឡង់បាន ទោះបីជាកន្លងមកលោកប្រឈមជាមួយការគំរាមកំហែងបែបណាក៏ដោយ។





Comments