តើលោកបណ្ឌិត កែម ឡី ជានរណា?
- Miss. Hok Kimleang

- Aug 7
- 1 min read
Updated: Aug 28
លោកបណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯហាងកាហ្វេស្ដារម៉ាត (Star Mart) ក្នុងទីក្រុងភ្នំពេញ។ ការបាញ់សម្លាប់លោកបណ្ឌិតនេះគឺឃាតករមានឈ្មោះថា អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ បានសារភាពថា ខ្លួនបានបាញ់សម្លាប់លោកបណ្ឌិត គឺដោយសារតែលោកបណ្ឌិតមិនព្រមសងលុយជំពាក់ចំនួន៣ពាន់ដុល្លារ (៣.០០០$) ។ ប៉ុន្តែគ្រួសារលោកបណ្ឌិត ពលរដ្ឋ និងអង្គការសង្គមស៊ីវិលមិនជឿថា បុរសក្រីក្ររស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាបរូបនោះអាចមានលុយច្រើនបែបនេះឡើយ។
តើលោកបណ្ឌិត មានប្រវត្តិបែបណាខ្លះ?
លោកបណ្ឌិត កែម ឡី ដែលត្រូវបានប្រជាពលរដ្ឋស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គម នយោបាយ និងសិទ្ធិមនុស្សមិនសំចៃមាត់ ហើយពលរដ្ឋខ្មែរជាច្រើនគាំទ្រការវិភាគរបស់លោកដោយចាត់ទុកលោកថា ជាអ្នករូតវាំងននសង្គមដែលហ៊ាននិយាយការពិតពីបញ្ហាសង្គម និងភាពអសកម្មរបស់រដ្ឋាភិបាលទោះបីជាលោកបានដឹងជាមុនថា លោកអាចនឹងអស់អាយុជីវិតនៅថ្ងៃណាមួយក្ដី។
កាលលោកនៅមានជីវិតលោកធ្លាប់ផ្ដល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយបញ្ជាក់ពីគោលជំហរមិនរុញរាចំពោះការវិភាគរិះគន់ដើម្បីស្ថាបនារបស់លោកឡើយ។
«នៅពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែក ច្រើន ដែលមានឆ្លាមច្រើននៅពេលដែលយើងវិភាគម្ដងៗ យើងមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់អាចមានលទ្ធភាពផ្ដល់គំរូដល់យុវជនទេ។យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ»។
គិតត្រឹមឆ្នាំ២០១៦ដែលខ្មាន់កាំភ្លើងបានផ្ដាច់យកជីវិតរបស់លោកបណ្ឌិត កែម ឡី មានអាយុ៥០ឆ្នាំ និងមានស្រុកកំណើតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកបណ្ឌិតគឺជាកូនជាទី២ក្នុងចំណោមបងប្អូនបង្កើតចំនួន៣នាក់។ ក្រោយឪពុករបស់លោកស្លាប់ក្នុងជំនាន់ប៉ុល ពត ហើយម្ដាយក្លាយជាស្ត្រីមេម៉ាយ គួបផ្សំនឹងជីវភាពក្រីក្រផងនោះ ម្ដាយរបស់លោកបានចាប់យកមុខរបរជាអ្នកលក់នំបញ្ចុក និងលក់អីវ៉ាន់ចាប់ហួយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
ថ្វីត្បិតតែគ្រួសារលោក កែម ឡី កើតក្នុងគ្រួសារមានជីវភាពក្រីក្រ តែលោកមិនបានបោះបង់ការសិក្សាចោលឡើយ លោកបានតស៊ូរៀនសូត្រដោយស្នាក់នៅជាមួយគេផង និងស្នាក់នៅក្នុងវត្តផង រហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជា។ បន្ទាប់មកលោកទទួលបានអាហារូបករណ៍ផ្នែកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ទៅសិក្សាបន្តនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ និងនៅម៉ាឡេស៊ី។
ក្រោយបញ្ចប់ការសិក្សាលោកបណ្ឌិត កែម ឡី ធ្លាប់បានបម្រើការនៅវិស័យសុខាភិបាលរយៈពេល ២ឆ្នាំមុននឹងលោកក្លាយជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងវិភាគនយោបាយ។
ជាងនេះទៅទៀតលោកបណ្ឌិត តែងតែចុះទៅជួបពលរដ្ឋនៅតាមថ្នាក់មូលដ្ឋានជាពិសេសគឺជនជាតិដើមភាគតិចដែលនៅខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគីរី និងខេត្តមួយចំនួនទៀតដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពលរដ្ឋ និងចងក្រងបញ្ហាប្រឈមរបស់សហគមន៍។ ក្នុងអំឡុងពេលនោះលោកបណ្ឌិតក៏បានធ្វើយុទ្ធនាការ១០០រាត្រីនៃគ្រួសារខ្មែរ ដែលលោកធ្វើបានចំនួន១៥រាត្រីហើយ ប៉ុន្តែបេសកកម្មរបស់លោកនៅមិនទាន់បានបញ្ចប់នៅឡើយ។
និយាយអំពីជីវិតអាពាហ៍ពិពាហ៍របស់លោក កែម ឡី វិញលោកបានរៀបការជាមួយប្រពន្ធរបស់លោកគឺ អ្នកស្រី ប៊ូ រចនា នៅឆ្នាំ២០០១ និងបង្កើតបានប្រុសចំនួន៥នាក់។ ប៉ុន្តែជាអកុសលលោកមិនទាន់បានជួបមុខកូនប្រុសទី៥របស់លោកឡើយ ដោយខ្មាន់កាំភ្លើងបានបញ្ចប់ជីវិតលោកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈប្រពន្ធរបស់លោកកំពុងពពោះកូនក្នុងផ្ទៃចំនួន៥ខែ។
បើទោះបីជា លោកបណ្ឌិត កែម ឡី បានបាត់បង់ជីវិតរយៈពេល៩ឆ្នាំ កន្លងទៅហើយក្ដី ប៉ុន្តែវីវរភាព ស្នាដៃ និងស្មារតីនៃការលះបង់របស់លោកបណ្ឌិតដើម្បីបុព្វជាតិនៅតែដក់ជាប់ក្នុងបេះដូងពលរដ្ឋខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះការលះបង់របស់លោកបណ្ឌិតបានជំរុញឱ្យយុវជនជាច្រើន ហ៊ាននិយាយការពិតពីបញ្ហាសង្គម។ ជាក់ស្ដែងដូចជា សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី កាលនៅមានសេរីភាពកញ្ញាធ្លាប់លើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយថា ការចូលរួមរបស់កញ្ញាក្នុងការការពារធនធានធម្មជាតិ គឺដោយសារកញ្ញាមើលឃើញពីគំរូវីរភាពរបស់លោកបណ្ឌិត កែម ឡី ប៉ុន្តែកញ្ញាសោកស្ដាយដែលខួបលើកទី៩ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកញ្ញាមិនបានចូលរួមដោយសារតែ តុលាការបានផ្ដន្ទាទោសឱ្យសកម្មជនបរិស្ថានជាប់ពន្ធនាគារក្រោមហេតុផលការការពារធនធានធម្មជាតិ កាលពីថ្ងៃទី០២ ខែកក្កដា។
ចំពោះលោកបណ្ឌិត កែម ឡី ទោះបីជាលោកដឹងថា ការនិយាយការពិតពីបញ្ហាសង្គម និងនយោបាយអាចប៉ះពាល់ដល់អាយុជីវិតក្ដី ក៏លោកមិនខ្លាចញញើត និងតក់ស្លុតឡើយ ពោលគឺលោកបានត្រៀមខ្លួនរួចជាស្រេច។
កាលលោកនៅមានជីវិត លោកធ្លាប់បានដាក់ផែនការសម្រាប់ការវិភាគរបស់លោក គឺត្រូវមានលិខិតឆ្លងដែនមួយ មានទិដ្ឋាការ ឬវីសា (Visa) ៣។ វីសាទី១ ប្រសិនជាគេមិនសប្បាយចិត្ត គេឱ្យទៅមន្ទីរពេទ្យ ទី២ អាចឱ្យទៅព្រៃស និងវីសាទៅ៣ ទៅវត្តព្រះពុទ្ធ។ លោកបន្តថា ប្រសិនខ្លាចវីសាទាំងបីនេះ ប្រហែលលោកពិបាកនឹងវិភាគផ្ដល់ផលប្រយោជន៍ទៅដល់សង្គម។
លោកបណ្ឌិត លើកទឹកចិត្តដល់យុវជនដែលធ្វើការជាមួយលោកឱ្យរឹងមាំ ហើយលោកតែងផ្ដែផ្ដាំប្រពន្ធកូន ឱ្យកុំយំ ប្រសិនបើលោកលាចាកលោកដោយការបាញ់សម្លាប់ ឬដោយប្រការណាមួយនោះ៕





Comments