top of page

លោក ធី ថន ពី​យុវជន​ធម្មតា​ក្លាយ​ជា​អ្នក​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស

Updated: Aug 28

លោក ធី ថន គឺជា​យុវជន​មួយ​រូប​ក្នុង​ចំណោម​យុវជន​សកម្ម​ជា​ច្រើន​ដែល​តស៊ូ​មតិ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង លោក កើត សារ៉ាយ។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២៤ ក្រោម​បទ​ចោទ«រួម​គំនិត​ក្បត់»។


​​​តើលោក ធី ថន មាន​ប្រវត្តិ​បែប​ណា​ខ្លះ?


លោក ធី ថន គឺជា​យុវជន​មួយ​រូប​មាន​ឆន្ទៈ​មោះមុត ក្លាហាន និង​មាន​គោល​ជំហរ​រឹងមាំ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក កើត សារ៉ាយ។ កាល​នៅ​មាន​សេរីភាព​យុវជន​រូប​នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ចូលរួម​ការងារ​សង្គម​បើ​ទោះបី​ជា​ប្រឈម​នឹង​គុក​ច្រវាក់​យ៉ាងណា​ក្ដី។


យុវជន ធី ថន មាន​អាយុ​២៤ឆ្នាំ។ លោក​កើត​នៅ​ឆ្នាំ២០០១ នៅ​ភូមិ​បន្ទាយ​តូច ឃុំ ភ្នំបាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ថន​គឺជា​កូនទី៣​នៅ​ក្នុង​ចំណោម​បងប្អូន​បង្កើត​ចំនួន៥នាក់ ដែល​មាន​ឪពុកម្ដាយ​ជា​កសិករ។ ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ និង​មាន​ឪពុកម្ដាយ​ជា​កសិករ​ផង​នោះ យុវជន​រូប​នេះ​បាន​តស៊ូ​រៀន​សូត្រ​រហូត​ប្រឡង​ជាប់​បាក់ឌុប​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ព្រះ​ធម្ម​ស្រះ ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ឆ្នាំ២០២០ ហើយ​មក​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​គីមី​ចំណី​អាហារ។


អំឡុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​ថន តែងតែ​ឆ្លៀត​ចូលរួម​ការងារ​សង្គម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ។ ក្រៅ​ពី​នេះ​ថន តែង​ចូលរួម​ផ្សព្វផ្សាយ​អំពី​បញ្ហា​បរិស្ថាន​តាម​រយៈ​ការ ចែក​ខិត្តប័ណ្ណ​កោះកុង​ក្រៅ ការ​ដាក់​ញាតិ​ទៅ​ក្រសួង​បរិស្ថាន ព្រម​ទាំង​ចូលរួម​ធ្វើ​យុទ្ធការ​ស្វែងរក​យុត្តិធម៌​ឱ្យ​វីរជន​ដែល​បាន​លះបង់​ជីវិត​ដើម្បី​បុព្វ​ជាតិ​ដូចជា លោក ឈុត វុទ្ធី និង​លោក​បណ្ឌិត កែម ឡី​ជា​ដើម។


ឪពុក​លោក ធី ថន គឺ​លោក មឿន ធី ថ្លែង​ថា កូនប្រុស​របស់​លោក​គឺជា​មនុស្ស​ស្លូតបូត និង​ចេះ​ជួយ​យកអាសា​អ្នក​ដទៃ។ បុរស​វ័យ​ជិត​៥០ឆ្នាំ​រូប​នេះ​យល់​ឃើញ​ថា កូន​ប្រុស​របស់​លោក​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។


យុវជន ធី ថន ចាប់​ផ្ដើម​ចូលរួម​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស បរិស្ថាន និង​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​សង្គម​កាន់​តែ​សកម្ម ក្រោយ​ពី​អាជ្ញាធរ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​គឺ​លោក កើត សារ៉ាយ ដាក់​ពន្ធនាគារ​ជា​លើកទី២ កាលពីថ្ងៃ០៥ ខែ​មេសា ឆ្នាំ២០២៤ ក្រោយ​លោក​បញ្ចេញមតិ​ជុំវិញ​ការ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ។ បន្ទាប់​មក កាលពីថ្ងៃទី០២ ខែ​កក្កដា អាជ្ញាធរ​បាន​ចាប់​ខ្លួន​អនុ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ទៀត​គឺ លោក យីម លាងហ៊ី ដាក់​ពន្ធនាគារ​ដាច់​ដោយ​ឡែក​ពី​គ្នា។ យុវជន ធី ថន បាន​ក្លាយ​ជា​ប្រធាន​ស្ដីទី​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក្រោយ​សមាជិកភាព​បោះឆ្នោត​ជ្រើស​យក​យុវជន​រូប​នេះ។


ផ្ដើម​ចេញ​ពី​ការ​មើល​ឃើញ​ពី​ភាព​អយុត្តិធម៌​ដែល​កើត​ឡើង​ចំពោះ​លោក កើត សារ៉ាយ និង​ពលរដ្ឋ​បែប​នេះ​ទើប​យុវជន ធី ថន ចូលរួម​យ៉ាង​សកម្ម​ទាមទារ​ឱ្យ​តុលាការ​ដោះលែង និង​ទម្លាក់​ចោល​ការ​ចោទ​លើ​លោក កើត សារ៉ាយ។ ទីបំផុត​ទៅ នៅ​ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២៤ សមត្ថកិច្ច​បាន​ចុះ​បិទ​ទីតាំង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ចាប់​ខ្លួន​លោក ធី ថន រួម​ទាំង​យុវជន​ចំនួន​៣នាក់​ផ្សេង​ទៀត​ដោយ​ចោទ​ប្រកាន់​ពី​បទ«រួមគំនិតក្បត់»ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​១៨សីហា​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ បច្ចុប្បន្ន​នេះ​មាន​តែ​លោក ធី ថន ម្នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។


កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា តុលាការ​កំពូល​បាន​ច្រានចោល​បណ្ដឹង​ស្នើ​សុំ​បដិសេធ​សេចក្ដី​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​របស់​លោក ធី ថន ក្រោម​បទ​ចោទ«រួម​គំនិត​ក្បត់» បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រយៈ​ពេល​៦ខែ​រួច​មក​ហើយ។


យុវជន​សកម្ម​ការងារ​សង្គម លោក ថន ធន លើក​ឡើង​ថា លោក​គោរព​នូវ​វីរភាព និង​ការ​លះបង់​របស់​លោក ធី ថន ជុំវិញ​ទាមទារ​ឱ្យ​មន​យុត្តិធម៌​សង្គម។ លោក​បន្ត​ថា ថន គឺជា​មនុស្ស​ចេះ​ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកដទៃ និង​លើកទឹកចិត្ត​យុវជន​ឱ្យ​ក្លាហាន​ហ៊ាន​និយាយ​ការពិត​ដើម្បី​យុត្តិធម៌​សង្គម។


បើ​ទោះ​បី​ជា​លោក ធី ថន នៅ​វ័យ​ក្មេង​ក្ដី ប៉ុន្តែ​លោក​មាន​ឆន្ទៈ និង​ក្ដី​សុបិន​ចង់​ឃើញ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ទាំង​អស់​រួបរួម​ដើម្បី​កសាង​ប្រទេស​ជាតិ ព្រមទាំង​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេញលេញ៕



Comments


bottom of page