top of page

សកម្មជនព្រៃឡង់លោកស្រី ទីន

Updated: Aug 28


ree

លោកស្រីទីន មានអាយុ៣១ ឆ្នាំ រស់នៅភូមិឬស្សីស្រុក, រួសរាន់, រវៀង, ព្រះវិហារ គឺជាសកម្មជនព្រៃឡង់ដ៏លេចធ្លោមួយរូប។ លោកស្រី ទីន បានសិក្សាត្រឹមថ្នាក់ទី៩នៃអនុវិទ្យាល័យរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។ លោកបានបោះបង់ចោលការសិក្សាដោយសារតែកត្តាជីវភាព តម្រូវឱ្យមកជួយធ្វើស្រែចម្ការឪពុកម្តាយ។


ដំណើរជីវិតចូលរួមការពារព្រៃឈើរបស់លោកស្រីទីន បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុនមួយចូលមកឈូសឆាយដីព្រៃ ដែលបង្កជាផលប៉ះពាល់មកលើជីវភាពរបស់នៅរបស់សហគមន៍។ លោកបានចូលរួមតវ៉ាទាមទារជាមួយអ្នកភូមិ ដែលភាគច្រើនពឹងផ្អែកលើការដកហូតអនុផលព្រៃឈើសម្រាប់ចិញ្ចឹមជីវិត។ លោកស្រី ទីន ជាកូនទីប្រាំនៅក្នុងចំណោមបងប្អូនចំនួន៨នាក់។ មូលហេតុដែលលោកសម្រេចចិត្តចូលរួមការពារព្រៃឈើ ព្រោះលោកជាអ្នកស្រុកព្រៃភ្នំដែលពឹងផ្អែកលើព្រៃឈើ និងជាការចូលរួមជួយការពារទ្រព្យសម្បត្តិជាតិ និងការពារដល់បរិស្ថានដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិផ្សេងៗដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនេះ។


នៅក្នុងពេលដែលវីរុសកូវីដ១៩កំពុងរាតត្បាតខ្លាំង សហគមន៍មូលដ្ឋានមិនត្រូវបានគេអនុញ្ញាតឱ្យចុះល្បាតព្រៃឡង់ឡើយ តែលោកបានជម្នះចុះទៅតាមដានស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើជាក្រុមតូចមានគ្នាបីបួននាក់ប៉ុណ្ណោះ។ ការចុះល្បាតនោះរកឃើញមានបទល្មើសរាប់រយករណីបានកើតឡើងនៅ      កណ្តាលព្រៃឡង់ រួចក៏នាំគ្នាផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម។ ការចុះល្បាតម្តងៗប្រើពេលបួនប្រាំថ្ងៃឯណោះ ដោយធ្វើដំណើរតាមរយៈម៉ូតូជាមធ្យោបាយ។


សកម្មភាពចូលរួមការពាររបស់លោក បានចូលរួមចំណែកសម្រេចបាននូវសមិទ្ធិផលសំខាន់ៗដូចជាបានតវ៉ាទាមទាររហូតរដ្ឋាភិបាលបានបញ្ឈប់ និងដកចេញនូវក្រុមហ៊ុនPNT ក្រុមហ៊ុនធីង៉ា ក្រុមហ៊ុនCRCK និងក្រុមហ៊ុនអង្គរផ្លាយវ៉ូដ(Angkor Plywood)ជាដើម។ នៅក្នុងការតវ៉ាទាមទារប្រឆាំងទៅក្រុមហ៊ុនទាំងអស់នោះ លោក និងសមាជិកសហគមន៍ផ្សេងទៀតបានចុះទៅស៊ើប និងប្រមូលភ័ស្តុតាងបទល្មើសរបស់គេ។ ទោះបីជាយ៉ាងណាក៏ដោយសកម្មភាពរបស់ពួកលោក មិនទទួលបានការលើកទឹកចិត្ត និងគាំទ្រពីអាជ្ញាធរនោះទេ ពួកគាត់តែងត្រូវបានគេចោទប្រកាន់ថាជាបក្សប្រឆាំង រីឯពលរដ្ឋខ្លះទៀតបានចោទប្រកាន់ថាពួកគាត់ធ្វើសកម្មភាពដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។


ការងារនៅក្នុងព្រៃ អ្វីដែលលោកធ្វើនោះគឺជាការប្រើប្រាស់កម្មវិធីទូរស័ព្ទ អ៊ែបព្រៃឡង់ ដើម្បីថតរូបថតដើមឈើដែលត្រូវបានគេកាប់ បទល្មើសបរបាញ់សត្វ ការរានដីព្រៃខុសច្បាប់ និងប្រភេទឈើកម្ររដែលនៅសេសសល់ក្នុងព្រៃជាដើម។ របាយការណ៍ដែលចេញតាមរយៈការប្រមូលព័ត៌មានចូលកម្មវិធីទូរស័ព្ទនេះបានចេញផ្សាយនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៣នេះឃើញថាបានបាត់បង់ដើមជ័រច្បោះ ដើមផ្តៀក ស្ទៀង ដួងចែមជាច្រើនដែលសុទ្ធតែមានតម្លៃ។ ក្រៅពីការប្រមូលព័ត៌មាន  រូបលោក និងសហគមន៍ឯទៀតក៏តែងតែពន្យល់ណែនាំដល់ជនល្មើសឱ្យបញ្ឈប់ការកាប់ឈើតទៅទៀតផងដែរ នៅពេលសហគមន៍ជួបជនល្មើសម្តងៗ។ ភាគច្រើននៃជនល្មើសគឺគេមានខ្នងបង្អែកធំនៅពីក្រោយ ដែលជាមេខ្លោងចាំទទួលទិញឈើ។


ក្តីស្រម៉ៃរបស់លោកស្រីទីន ចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងផ្នែកច្បាប់ឱ្យបានពេញលេញ ដើម្បីកុំឱ្យមានការបាត់បង់ព្រៃឈើ និងបាត់បង់សម្បត្តិធនធានធម្មជាតិជាច្រើនទៀត។ លោកបានប្តេជ្ញាចិត្តថាបើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏រូបលោកនៅតែបន្តស្វែងរកគ្រប់វិធីសាស្ត្រដើម្បីចូលទៅក្នុងព្រៃទប់ស្កាត់បទល្មើសជាដរាប។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺ បើទោះបីជាក្រុមសហគមន៍ការពារព្រៃឡង់បានព្យាយាមបញ្ឈប់ក្រុមហ៊ុនខុសច្បាប់ជាច្រើនមែន តែឃើញថាក្រុមហ៊ុនទាំងអស់នោះបិទតែមួយឆាវៗតែប៉ុណ្ណោះ លុះមួយរយៈក្រោយមក គេក៏បន្តធ្វើសកម្មភាពសារឡើងវិញ ឧទាហរណ៍ដូចជាក្រុមហ៊ុនPNTជាដើម។ តែចាប់តាំងពីឆ្នាំ២០២២មក ក្រុមហ៊ុននេះបានបិទជាផ្លូវការហើយ។


ចំពោះបញ្ហានៅក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ លោកមើលឃើញបញ្ហាច្រើនណាស់ ដូចជាបញ្ហានយោបាយមិនបានបម្រើដល់ប្រជាពលរដ្ឋ ព្រោះរវល់តែឈ្លោះប្រកែកទាស់ទែងគ្នា លាបពណ៌គ្នាចុះឡើង និងជាពិសេសគឺបញ្ហាសម្បត្តិធនធានធម្មជាតិដែលចេះតែបាត់បង់ជារៀងរាល់ថ្ងៃ។


បញ្ហាដែលប្រឈមជាងគេរាល់ថ្ងៃនេះ ទាក់ទងនឹងការបំពេញការងារនៅក្នុងព្រៃឡង់វិញ គឺសហគមន៍ត្រូវបានគេលាបពណ៌ជានិច្ចកាលពីសំណាក់អាជ្ញាធរថាជាក្រុមប្រឆាំង។ ហើយយើងក៏តែងតែខ្វះខាតអាហារ ខ្វះខាតថវិកា និងមានការលំបាកនៅក្នុងការធ្វើដំណើរក្នុងព្រៃពេលមានភ្លៀងធ្លាក់ម្តងៗ។


ជាចុងក្រោយលោកសូមអំពាវនាវទៅកាន់រដ្ឋាភិបាល និងសាធារណៈជនទាំងអស់ឱ្យជួយការពារ និងដាំដើមឈើឡើងវិញទាំងអស់គ្នា ហើយសូមឱ្យរដ្ឋាភិបាលគិតគូរយកចិត្តទុកដាក់ទប់ស្កាត់កុំឱ្យដែលក្រុមហ៊ុនខុសច្បាប់លួចនាំចេញឈើមានតម្លៃទៅកាន់ទីផ្សារក្រៅប្រទេស។

Comments


bottom of page