ប្រវត្តិតស៊ូសកម្មជនព្រៃឡង់ ខេម សុខឃី
- PED Cambodia

- Mar 15
- 1 min read
Updated: Aug 28

លោកខេម សុខឃី អាយុ ៤១ ឆ្នាំ ជាសមាជិកក្រុមស្នូលព្រៃឡង់ រស់នៅភូមិឬស្សីស្រុក, រួសរាន់, រវៀង, ព្រះវិហារ។ លោកខេម សុខឃី បានបញ្ចប់ការសិក្សាផ្នែកអាណាចក្រត្រឹមថ្នាក់ទី៣នៅសាលាបឋមសិក្សាឈ្នួន ស្ថិតនៅក្នុងឃុំរួសរាន់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហា។ បន្ទាប់មកលោកក៏បានសាងភ្នួស និងបន្តការសិក្សានៅផ្នែកពុទ្ធចក្រក្នុងឆ្នាំ១៩៩៨ នៅវត្តមួយស្ថិតក្នុងខេត្តកណ្តាល។ សាមណេរខេម សុខឃី បានឡើងមកបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបក្នុងក្រុងភ្នំពេញលើមុខជំនាញគ្រប់គ្រង។ ព្រះអង្គបានគង់នៅវត្តមហាមន្ត្រី។ លុះក្រោយមកសមណេខេម សុខឃី បានបោះបង់ការសិក្សាត្រឹមឆ្នាំទី២ នៅឆ្នាំ២០០៤ រួចក៏បានលាចាកសិក្ខាបទត្រឡប់មកស្រុកកំណើត និងបានរៀបការជាមួយភរិយាឈ្មោះ អន សុខមាននៅឆ្នាំ២០០៨ ដោយទទួលបានកូនចំនួនពីរ គឺប្រុសមួយ និងស្រីមួយ។ លោកខេម សុខឃី មានបងប្អូនសរុបទាំងអស់ចំនួន០៥រូប ប្រុស០៤ និងស្រីម្នាក់ ដែលលោកគឺជាកូនទី៣ក្នុងគ្រួសារដែលឪពុកបានស្លាប់តាំងពីរូបលោកនៅតូចៗម្ល៉េះ។
មូលហេតុលោកចូលរួមជាសមាជិកសហគមការពារព្រៃឡង់ គឺបន្ទាប់ពីក្រុមហ៊ុនឯកជនមួយឈ្មោះ PNT បានឈូសឆាយផ្លូវដើម្បីចូលទៅក្នុងព្រៃប៉ះពាល់លើដីស្រែរបស់អ្នកភូមិក្នុងឆ្នាំ២០១៤។ ក្រោយមកក៏មានការចុះបង្រៀន និងចងក្រងសហគមន៍ឱ្យចូលរួមការពារព្រៃឈើពីសំណាក់អង្គការពន្លកខ្មែរ ដោយជ្រើសយកសហគមន៍ពីរទៅបីនាក់ក្នុងមួយភូមិ។ ជំនាន់កាលលោកឈុត វុទ្ធីនៅមានជីវិត និងកំពុងបំពេញការងារនៅតំបន់ព្រៃឡង់ លោកខេម សុខឃីក៏ធ្លាប់ចុះទៅធ្វើបាតុកម្មនៅក្រុមហ៊ុនសម្បទានព្រៃឈើCRCKដែរ។ ជាបន្តបន្ទាប់មកទៀតលោកក៏ត្រូវបានអង្គការសង្គមស៊ីវិលអញ្ជើញទៅចូលរួមវគ្គបណ្តុះបណ្តាលនានា រហូតលោកមានសមត្ថភាពអាចយល់ដឹងពីច្បាប់ផ្សេងៗ និងបានក្លាយជាសមាជិក បណ្តាញសហគមន៍ព្រៃឡង់នៅក្នុងឆ្នាំ២០១៣។
ក្នុងនាមជាសមាជិកក្រុមស្នូលព្រៃឡង់ លោកតែងតែសកម្ម និងចូលរួមដោយមិនខ្លាចនឿយហត់នៅក្នុងការចុះល្បាតដែនជម្រកសត្វព្រៃឡង់ទាំងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តទាំងបីផ្សេងទៀតផងដែរ។ ក្រៅពីការចុះល្បាត លោកខេម សុខឃីក៏តែងតែណែនាំ និងលើកទឹកចិត្តដល់យុវជននៅក្នុងភូមិ ជាពិសេសលោកក៏ជាវាគ្មិនដ៏មានប្រជាប្រិយភាពចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីព្រៃឡង់ទៅកាន់យុវជន សិស្សនិសិត្សនៅតាមសិក្ខាសាលា ឬកម្មវិធីបោះជំរំនានា។ ចាប់តាំងពីបានចូលរួមជាមួយបណ្តាញសហគមន៍ព្រៃឡង់មក រូបលោកមានមោទនភាព និងរីករាយសាទរជាមួយសមិទ្ធផលជាច្រើនដែលបណ្តាញព្រៃឡង់បានចូលរួមសម្រេចរួមគ្នា។ សមិទ្ធិផលទាំងអស់នោះរួមមាន ១)ការផ្អាកជាស្ថាពរនូវក្រុមហ៊ុនសម្បទានខុសច្បាប់មួយចំនួននៅអំឡុងឆ្នាំ២០១៦។ ២) ការចូលរួមទប់ស្កាត់ការចូលទៅកាប់បំផ្លាញ និងទន្ទ្រានដីដោយខុសច្បាប់តាមរយៈអ្នកមានអំណាចបានជួលប្រជាពលរដ្ឋក្រីក្រឱ្យទៅឈូសឆាយ អារបំផ្លាញ និងកាន់កាប់ដីព្រៃ។ ៣) ជាពិសេសតាមរយៈការងារដ៏ស្វាហាប់ និងសកម្មរបស់សហគមន៍ទើបព្រៃឡង់ត្រូវបានរដ្ឋាភិបាលចុះបញ្ជីជាដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦។
ការងារជាអ្នកការពារព្រៃឈើ គឺប្រឈមមុខជាមួយនឹងការគម្រាមកំហែងច្រើនណាស់ មានដូចជាការលាបពណ៌ពីសំណាក់អាជ្ញាធរមូលដ្ឋាន ចោទប្រកាន់ថាពួកគាត់ធ្វើសកម្មភាពបម្រើឱ្យគណបក្ស នយោបាយ, ធ្វើសកម្មភាពដើម្បីបម្រើរបៀបវារៈរបស់បរទេសជាបច្ចាមិត្តរបស់រដ្ឋាភិបាល, និងជាក្រុមបដិវត្តន៍ពណ៌ជាដើម។ ចំណែកឯការប្រឈមមុខជាមួយក្រុមជនល្មើសវិញ គឺរូបលោក និងសមាជិកដ៏ទៃទៀតតែងតែរកការគំរាមកំហែងពីសំណាក់ជនល្មើស។ បញ្ហាទាំងអស់នេះពេលខ្លះក៏ធ្វើឱ្យរូបលោកបាក់ទឹកចិត្តខ្លះៗដែរ ក៏ប៉ុន្តែព្រោះតែការស្រឡាញ់ និងដើម្បីបុព្វហេតុដើម្បីជាតិមាតុភូមិ រូបលោកក៏តាំងចិត្តជម្នះនូវរាល់ការគំរាមកំហែងដោយមិនព្រមលះបង់ចោលបេសកកម្មឡើយ។ ជាអកុសល្យបច្ចុប្បន្ននេះរឿងដែលប្រឈមខ្លាំងជាងគេសម្រាប់លោកលែងជាជនល្មើសទៀតហើយ តែជាក្រុមឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទៅវិញ។ រាល់ពេលដែលសហគមន៍ ឬសកម្មជនចង់ចុះល្បាតព្រៃម្តងៗ មន្ត្រីឧទ្យានុរក្សតែងតែមករារាំង និងគំរាមកំហែងចាប់ចង ថែមទាំងធ្លាប់ប្រើអំពើហិង្សាមកលើលោកផងដែរ។ កាលពីខែ មីនា ឆ្នាំ២០២០ លោកធ្លាប់ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ឃុំខ្លួននៅស្នងការខេត្តអស់រយៈពេលបីយប់ លុះក្រោយពេលបញ្ជូនដល់តុលាការ ក៏ត្រូវបានតុលាការលើកលែងការចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពឡើងវិញ។ មូលហេតុនាំឱ្យមានការចាប់ខ្លួន គឺដោយសារលោកបានចុះទៅស៊ើបអង្កេតពីបទល្មើសព្រៃឈើនៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ កាលនោះ ដើមដំបូងពួកគាត់បានចុះទៅស៊ើបអង្កេតនៅបរវេណក្រុមហ៊ុនភីអ៊ិនធី រួចក៏បន្តទៅក្រុមហ៊ុនធីង៉ា និងចុងក្រោយគេគឺនាំគ្នាទៅសម្រាកនៅក្បែរតំបន់ដីសម្បទានរបស់ក្រុមហ៊ុនស៊ីង្គបាយអូទិក ជាមួយសកម្មជនព្រៃឈើដ៏ល្បីល្បាញគឺលោកអ៊ូច ឡេង លោកស្រី ថី និងមេន ម៉ាត់ ។ ក្រោយមកលោកត្រូវបានសន្តិសុខក្រុមហ៊ុនប្រទះឃើញ និងបានឃាត់សួរនាំ រួចក៏បញ្ជូនបន្តទៅឱ្យមន្ត្រីឧទ្យានុរក្ស។ នៅក្នុងអំឡុងពេលជជែកតវ៉ាជាមួយសន្តិសុខរបស់ក្រុមហ៊ុនផងដែរនោះ សន្តិសុខក្រុមហ៊ុនបានស្ទុះមកប្រើអំពើហិង្សាលើលោកម៉ាន់ ម៉ាត់រហូតបែកក្បាលហូរឈាមស្រក់លើដី។
ទោះបីជាយ៉ាងណាក៏ដោយ រាល់ពេលកើតមានបញ្ហាម្តងៗលោកខេម សុខឃីរមែងព្យាយាមរកវិធីក្នុងការដោះស្រាយបញ្ហាតាមរយៈមធ្យោបាយចរចារដោយអហិង្សា ទាំងជាមួយជនល្មើស និងអាជ្ញាធរ។ ដោយឡែកចំពោះការប្រឈមបញ្ហាផ្លូវច្បាប់វិញ គឺលោកតែងតែពាក់ពាក់ និងទទួលបានជំនួយផ្នែកច្បាប់ពីអង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។
បញ្ហានៅក្នុងសង្គមសព្វថ្ងៃនេះ លោកខេមសុខឃីមើលឃើញថា សង្គមហាក់មិនផ្តល់តម្លៃឱ្យគ្នា មានការលាបពណ៌គ្នា ហើយមនុស្សមួយចំនួនគិតគូរតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាងផលប្រយោជន៍រួម ដូច្នេះដើម្បីអាចដោះស្រាយបញ្ហានានានៅក្នុងសង្គមបាន យើងចាំបាច់ត្រូវបញ្ឈប់ការលាបពណ៌គ្នា ចំណែកឯអាជ្ញាធរវិញត្រូវបែងចែកថាមួយណាជាអ្នកការពារព្រៃឈើ និងមួយណាជាអ្នកកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ហើយត្រូវតែចេះប្រើប្រាស់ធនធានធម្មជាតិឱ្យបានត្រឹមត្រូវ និងសមស្រប។
កន្លងមកដើម្បីលើកទឹកចិត្តយុវជននៅក្នុងការចូលរួមការពារធនធានធម្មជាតិ គាត់បានណែនាំដល់យុវជននៅក្នុងសហគមន៍ឱ្យប្រើប្រាស់ធនធានធម្មជាតិដោយសន្សំសំចៃ និងចេះស្រឡាញ់ធម្មជាតិ។ គាត់បានសង្កត់ធ្ងន់ថា កាលពីដើមឡើយយើងសម្បូរអនុផលព្រៃឈើ និងបន្លែបង្កាផ្សេងៗសម្រាប់ហូបចុកណាស់ ដោយមិនចាំបាច់ទៅព្រៃឆ្ងាយៗឡើុយ តែឥលូវនេះគឺលែងមានទៀតហើយ ដូច្នេះយើងត្រូវខិតខំជួយថែរក្សាគ្នា។
ជាចុងក្រោយលោកសំណូមពរដល់សាធារណជនទាំងអស់ដែលជាអ្នកស្រឡាញ់នូវសម្បត្តិធម្មជាតិ សូមចូលរួមថែរក្សាទ្រព្យសម្បត្តិនេះទាំងអស់គ្នា។ ចំណែកឯអាជ្ញាធរវិញ សូមឱ្យអនុវត្តច្បាប់តឹងរឹងដើម្បីកុំឱ្យមានការបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរជាបន្តទៀត។ សូមឱ្យអាជ្ញាធរគិតគូរសារឡើងវិញ ដ្បិតព្រៃឈើនៅកម្ពុជាយើងជិតអស់ហើយ៕





Comments