ផៃ ផាន់យ៉ា សកម្មជនមាតាធម្មជាតិ
- PED Cambodia

- Mar 15
- 1 min read
Updated: Aug 28

ខ្ញុំបាទឈ្មោះ ផៃ ផាន់យ៉ា ជាកូនទីប្រាំ នៅក្នុងចំណោមបងប្អូនប្រាំនាក់ និងមានស្រុកកំណើតនៅភូមិសមរលាវ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ម្តាយខ្ញុំមានមុខរបរជាអាជីវករលក់ដូ រីឯឪពុករបស់ខ្ញុំជាមេជាងសាងសង់ផ្ទះ។ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាសមរលាច ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស នៅខេត្តតាកែវ។ លុះចូលដល់ថ្នាក់ទី៦ ខ្ញុំបានប្តូរទៅរៀននៅអនុវិទ្យាល័យកោះស្វាយ ខេត្តពោធិសាត់ ចាប់ពីថ្នាក់ទី៦ ដល់ថ្នាក់ទី៩។ ចូលដល់ថ្នាក់ទី១០ ខ្ញុំបានចូលរៀននៅវិទ្យាល័យបាក់ចិញ្ចឹម ខេត្តពោធិសាត់។ ហើយខ្ញុំត្រូវផ្លាស់ប្តូរសាលាម្តងទៀតមករៀននៅសាលាបឋមសិក្សាសន្ធរម៉ុក ពេលខ្ញុំត្រូវរៀនថ្នាក់ទី១២។ខ្ញុំបានប្រឡងជាប់សញ្ញាប័ត្របាក់ឌុបនៅឆ្នាំ២០១៩ ជាឆ្នាំដែលក្រសួងអប់រំយុវជន និងកីឡាបានសម្រេចឲ្យសិស្សានុសិស្សជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។ ខ្ញុំបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅសាកលវិទ្យាល័យន័រតុន លើមុខជំនាញស្ថាបត្យកម្ម។
អំឡុងរៀនសូត្រនៅថ្នាក់ទី១២ ខ្ញុំធ្លាប់បានមើលវីដេអូនៅលើទំព័រហ្វេសប៊ូករបស់មាតាធម្មជាតិ។ ខ្ញុំចាប់អារម្មណ៍ខ្លាំងពីមាតិកាដែលពួកគាត់ផលិត ដ្បិតវីដេអូទាំងអស់នោះ ពេលបានមើលហើយ ខ្ញុំមានអារម្មណ៍ថាទទួលបានកម្លាំងជម្រុញ និងលើកទឹកចិត្តឲ្យយុវជនចូលរួមការពារបរិស្ថានជាមួយពួកគាត់។ ជាពិសេសនៅពេលខ្ញុំបានឃើញតាមរយៈសារព័ត៌មាន នៅពេលសកម្មជនបរិស្ថានត្រូវបានចាប់ខ្លួនដោយសារតែការការពារធនធានធម្មជាតិ វាកាន់តែធ្វើឲ្យខ្ញុំចង់ក្លាយជាផ្នែកមួយរបស់ពួកគាត់ដែរ។ ខ្ញុំយល់ឃើញថា អ្វីដែលពួកគាត់បានធ្វើគឺដើម្បីរកដំណោះស្រាយទៅលើបញ្ហារួមរបស់យើងទាំងអស់គ្នាទេ។
ខ្ញុំជាមនុស្សដែលស្រឡាញ់ និងចូលចិត្តចូលរួមការងារស្ម័គ្រចិត្តខ្លាំងណាស់ ក៏ប៉ុន្តែកាលរៀននៅវិទ្យាល័យខ្ញុំពុំមានឱកាស និងមិនមានទំនាក់ទំនងជាមួយក្រុមអង្គការសង្គមស៊ីវិលនោះទេ។ រហូតដល់ខ្ញុំបានចូលរៀននៅថ្នាក់មហាវិទ្យាល័យ ទើបខ្ញុំមានឱកាសបានចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីបោះជំរំមួយដែលរៀបចំឡើងដោយសមាគមបណ្តាញយុវជនកម្ពុជា។
ខ្ញុំមានក្តីប្រាថ្នាមួយ គឺចង់ជួបសកម្មជនបរិស្ថានរបស់មាតាធម្មជាតិជាខ្លាំង។ រហូតដល់ថ្ងៃមួយ បំណងប្រាថ្នារបស់ខ្ញុំមួយនេះក៏បានសម្រេច ដោយសារតែមិត្តភក្តិស្និទស្នាលរបស់ខ្ញុំម្នាក់ គាត់ចូលធ្វើជាបុគ្គលិកហាត់ការនៅសមាគមបណ្តាញយុវជនកម្ពុជា ហើយគាត់បានស្គាល់សកម្មជនមាតាធម្មជាតិម្នាក់។ មិត្តភក្តិរបស់ខ្ញុំបានហៅខ្ញុំឲ្យទៅចូលរួមកម្មវិធីណាត់ជួបញ៉ាំកាហ្វេរបស់មាតាធម្មជាតិ ឬហៅថា Coffee Date ។ ជំនួបតាមហាងកាហ្វេនេះគឺជាវិធីសាស្ត្រដែលសកម្មជនមាតាធម្មជាតិប្រើប្រាស់ សម្រាប់បង្កើតទំនាក់ទំនង និងស្គាល់យុវជនថ្មីៗដែលមានចំណាប់អារម្មណ៍លើការងារបរិស្ថាន និងធនធានធម្មជាតិ។
នៅក្នុងជំនួបដំបូងនោះ គឺខ្ញុំបានជួបជាមួយកញ្ញាឡុង គន្ធា និងស៊ុន រដ្ឋា។ ពួកគាត់ទាំងពីរនាក់បានចែករំលែករឿងរ៉ាវតស៊ូ បញ្ហាប្រឈម និងបេសកមម្មដែលពួកគាត់ធ្វើដើម្បីបុព្វហេតុជាតិ និងធនធានធម្មជាតិ។ នៅក្នុងការជជែកសន្ទនារបស់ពួកយើង គឺចុះសម្រុងល្អណាស់។ ពួកយើងហាក់មាននិស្ស័យជាមួយគ្នា និងមានអារម្មណ៍ឆាប់ស្និទស្នាលជាមួយគ្នាយ៉ាងខ្លាំង។ ក្រោយមកកញ្ញាឡុង គន្ធា បានទំនាក់ទំនងមកខ្ញុំម្តងទៀត ដើម្បីចូលរួមនៅក្នុងគម្រោងថតរូបអាពាហ៍ពិពាហ៍Pre-Wedding ជាមួយសំរាមប្លាស្ទិក។ ខ្ញុំបានយល់ព្រមចូលរួមជាមួយគាត់ ហើយពេលនោះខ្ញុំត្រូវថតជាតួកូនកម្លោះ រីឯបងស្រីស៊ុនរដ្ឋា ជាតួកូនក្រមុំ។ រូបថតនោះទទួលបានការគាំទ្រពីមហាជនជាខ្លាំង និងមានភាពច្នៃប្រឌិតខ្ពស់ផងដែរ។ សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយបន្តពីរូបថតអាពាហ៍ពិពាហ៍មួយនេះ។ ចាប់តាំងពីបានចូលរួមការងារម្តងជាមួយពួកគាត់រួចមក ទំនាក់ទំនងរបស់ខ្ញុំជាមួយមាតាធម្មជាតិ ក៏ចេះតែវិវឌ្ឍន៍ទៅជាស្និទស្នាលទៅៗ។ ថ្ងៃមួយកញ្ញា ឡុង គន្ធា បានប្រាប់ខ្ញុំថា ក្រុមការងារមាតាធម្មជាតិគេចាប់អារម្មណ៍លើខ្ញុំ និងអញ្ជើញខ្ញុំឲ្យចូលរួមធ្វើការងារជាអ្នកការពារបរិស្ថានជាមួយពួកគាត់។
ខ្ញុំសុំពេលពិចារណាសិន ព្រោះទោះបីជាខ្ញុំចាប់អារម្មណ៍ និងចូលចិត្តការងាររបស់មាតាធម្មជាតិក៏ដោយ ក៏ប៉ុន្តែដោយសារការសិក្សាមុខវិជ្ជាស្ថាបត្យកម្មរបស់ខ្ញុំនេះរវល់ខ្លាំងណាស់។ ខ្ញុំមិនសូវមានពេលទំនេរច្រើនដើម្បីចូលរួមការងារសង្គមនោះទេ។ នៅពេលជជែកគ្នាអំពីពេលវេលានេះ ខាងមាតាធម្មជាតិគេយោគយល់ និងរៀបចំការងារតាមពេលទំនេរជាក់ស្តែងរបស់ខ្ញុំ។ ខ្ញុំបានចាប់ផ្តើមក្លាយខ្លួនជាសកម្មជនរបស់មាតាធម្មជាតិនៅខែកញ្ញា ឆ្នាំ២០២២។ទោះបីយ៉ាងណាក៏ដោយ នៅពេលសម្រេចចិត្តចូលរួមធ្វើការងារជាសកម្មជនបរិស្ថាននេះ ខ្ញុំមិនបានជូនដំណឹង ឬសុំយោបល់ពីឪពុកម្តាយរបស់ខ្ញុំទេ។ ហើយបច្ចុប្បន្ននេះខ្ញុំក៏នៅមិនទាន់បានជម្រាបប្រាប់គាត់ដែរ ក៏ប៉ុន្តែគាត់ប្រហែលជាដឹងតាមរយៈការបង្ហោះហ្វេសប៊ូករបស់ខ្ញុំ ដោយសារគាត់មានបញ្ជីមិត្តភក្តិជាមួយខ្ញុំដែរ។
នៅក្នុងសង្គមខ្មែរបច្ចុប្បន្នមានរឿងច្រើនមែនទែន ជាពិសេសគឺបញ្ហាអំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិមនុស្សជាដើម។ ដូច្នេះវាទាមទារឲ្យពលរដ្ឋខ្មែរចូលរួមយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ដូចដែលរដ្ឋធម្មនុញ្ញ និងច្បាប់នានាបានធានាអំពីសិទ្ធិរបស់យើង។ ដោយមើលឃើញបញ្ហាទាំងអស់នោះដែលខ្ញុំសម្រេចចិត្តចូលរួមជាមួយមាតាធម្មជាតិ ដើម្បីដោះស្រាយបញ្ហាទំាងអស់នោះ។ តែខ្ញុំមិនត្រឹមតែចូលរួមតែម្យ៉ាងនោះទេ គឺខ្ញុំបានចូលរួមផ្សព្វផ្សាយ និងព្យាយាមលើកទឹកចិត្តដល់យុវជនដ៏ទៃទៀតដើម្បីចូលរួមជាមួយពួកយើងផងដែរ។
ក្នុងការងារជាសកម្មជនបរិស្ថានរបស់មាតាធម្មជាតិ តួនាទីរបស់ខ្ញុំមិនមែនជាអ្នកសម្របសម្រួលលើយុទ្ធនាការ ឬផ្នែកណាមួយជាក់លាក់នោះទេ។ តែខ្ញុំមានតួនាទីសំខាន់លើផ្នែកសិល្បៈ។ ខ្ញុំបានចូលរួមថតរូបសិល្បៈ និងផលិតវីដេអូសម្រាប់ផ្សព្វផ្សាយ ហើយជាពិេសសខ្ញុំជាអ្នកគូររូបនៅលើបដា និងសារតវ៉ាទាមទារផ្សេងៗទៀត។ ក្រៅពីនេះ ខ្ញុំក៏មានការងារសំខាន់មួយទៀតដែរ ពាក់ព័ន្ធនឹងការចូលរួមទំនាក់ទំនងទៅកាន់ក្រុមយុវជនជាបណ្តាញរបស់យើង។
នៅក្នុងចំណោមការងារទាំងអស់ដែលខ្ញុំបានចូលរួមជួយ អ្វីដែលខ្ញុំស្រឡាញ់ និងចូលចិត្តជាងគេគឺការរចនាបដា។ ខ្ញុំមិនធ្លាប់ធ្វើកិច្ចការងារនេះពីមុនទេ ដូច្នេះវាថ្មីសម្រាប់ខ្ញុំ។ តែការរចនាបដាគឺជាផ្នែកមួយដែលយើងអាចបង្កើនការចាប់អារម្មណ៍ និងវាមានឥទ្ធិពលខ្លាំងដើម្បីផ្សព្វផ្សាយអំពីសាររបស់យើងទៅកាន់សាធារណជនផងដែរ។
ទោះបីយ៉ាងណាក៏ដោយ ការចូលរួមរបស់ខ្ញុំ នៅមិនទាន់មានសមិទ្ធិផលធំជាដុំកំភួននៅឡើយទេ។ ក៏ប៉ុន្តែខ្ញុំបានចូលរួមចំណែកផ្តល់ធាតុចូលជាវិជ្ជមាន និងផ្តល់គំនិតថ្មីៗទាក់ទងនឹងសិល្បៈដល់មាតាធម្មជាតិជាច្រើន។ ខ្ញុំគិតថាភាពខ្សោយរបស់ខ្ញុំ គឺទាក់ទងនឹងចំណេះដឹងផ្នែកច្បាប់ អាចដោយសារខ្ញុំពុំមានBackground ផ្នែកច្បាប់ផង និងខ្ញុំខ្ជិលអានសៀវភៅច្បាប់ផង។ ច្បាប់ភាគច្រើនដែលចេះគឺបានមកពីការចូលរួមវគ្គបណ្តុះបណ្តាល និងបានដឹងតាមរយៈការចែករំលែករបស់មិត្តរួមការងារតែប៉ុណ្ណោះ។ ដោយឡែកភាពខ្លាំងរបស់ខ្ញុំវិញ ខ្ញុំគិតទីមួយគឺភាពក្លាហាន និងប្តេជ្ញាចិត្តខ្ពស់របស់ខ្ញុំ។ ជាពិសេសខ្ញុំមានជំនាញគូររូប ដែលខ្ញុំមានលទ្ធភាពជួយគូរបដា និងនិមិត្តសញ្ញាផ្សេងៗសម្រាប់មាតាធម្មជាតិ។
ដោយឡែកបញ្ហាប្រឈមជាងគេសម្រាប់ខ្ញុំនោះ គឺការគាំទ្រពីក្រុមគ្រួសារ។ ខ្ញុំគិតថាគ្រួសារណាក៏ដូចគ្រួសារណាដែរ គឺមិនចង់ឲ្យកូនរបស់ខ្លួនជួបការលំបាក ឬត្រូវគេចាប់យកទៅឃុំឃាំងក្នុងពន្ធនាគារនោះទេ។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តត្រូវស្វែងរកពេលវេលាសមគួរណាមួយដើម្បីជជែកជាមួយឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំគិតថាបើសិនជាយើងមិនលះបង់ទេ តែនឹងរកអ្នកណាមកលះបង់? មែនទែនទៅខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីប្រឈមមុខទៅនឹងឧបសគ្គ ឬរឿងអាក្រក់ទាំងឡាយណាដែលនឹងកើតមានឡើងនៅថ្ងៃខាងមុខ។
ចំណែកបញ្ហាប្រឈមទី២នោះគឺ រវាងក្តីសុបិន្ត និងអ្វីដែលខ្ញុំកំពុងធ្វើសព្វថ្ងៃ វាមិនសូវស៊ីសង្វាក់គ្នានោះទេ។ ខ្ញុំមានក្តីស្រម៉ៃមួយគឺចង់ក្លាយជាស្ថាបត្យករដ៏ឆ្នើមម្នាក់ ដូច្នេះខ្ញុំសង្ឃឹមថានៅពេលខ្ញុំអាចចូលរួមចំណែកដោះស្រាយបញ្ហារបស់សង្គមបានជោគជ័យនៅថ្ងៃណាមួយ ខ្ញុំប្រាកដជាអាចក្លាយជាស្ថាបត្យករដោយសេចក្តីស្ងប់បានជាមិនខានឡើយ។
នៅក្នុងការងារជាអ្នកការពារបរិស្ថាន ខ្ញុំទទួលបានការរើសអើងខ្លះៗ។ មិត្តភក្តិដែលធ្លាប់ស្គាល់ពីមុននៅសាលាមិនសូវហ៊ាននិយាយរកខ្ញុំ ជួបគ្នាធ្វើមិនសូវស្គាល់គ្នា ឬអ្នកខ្លះបែរជានិយាយរកគ្នាតិចជាងមុន។ រីឯមិត្តភក្តិនៅលើបណ្តាញសង្គមរបស់ខ្ញុំក៏មិនសូវចុចចូលចិត្ត ឬបញ្ចេញមតិយោបល់លើរូបថតដែលខ្ញុំបង្ហោះដូចកាលពីមុនដែរ។ តែប៉ុន្តែសម្រាប់មិត្តភក្តិស្និទស្នាល ដោយសារយើងតែងតែចំណាយពេលវេលាជាមួយគ្នាច្រើន ដូច្នេះយើងយល់ពីគ្នា និងនៅរក្សាទំនាក់ទំនងដូចដើម។
នៅថ្ងៃអនាគតខ្ញុំសង្ឃឹមថាបញ្ហាសង្គមដែលកំពុងកើតមានបច្ចុប្បន្ននឹងត្រូវបានដោះស្រាយ ឬមានស្ថានភាពតិចជាងមុខ ដូច្នេះខ្ញុំនឹងលាឈប់ពីការងារជាអ្នកការពារបរិស្ថាន និងទុកឱកាសឲ្យយុវជនថ្មីៗបានចូលរួមធ្វើការងារនេះជំនួសខ្ញុំ។ ហើយខ្ញុំចង់ត្រឡប់ទៅធ្វើជាស្ថាបត្យករ ដែលជាសុបិន្តដើមរបស់ខ្ញុំ។ នៅពេលសួរថាបើសិនជាខ្ញុំអាចត្រឡប់ក្រោយ ដើម្បីសម្រេចចិត្តម្តងទៀតថានឹងចូលរួមជាមួយមាតាធម្មជាតិ ឬនឹងមិនពាក់ព័ន្ធជាមួយពួកគាត់? ខ្ញុំនឹងនៅតែសម្រេចចិត្តចូលរួមជាមួយ ដ្បិតថាការងារជាមួយមាតាធម្មជាតិ ក៏ជាក្តីសុបិន្តមួយដែលខ្ញុំបានប្រាថ្នាតាំងពីរៀនថ្នាក់ទី១២មកម្លេះ។ រហូតមកដល់ពេលនេះ ខ្ញុំក៏នឹកស្មានថាខ្លួនឯងថាចូលរួមជាមួយមាតាធម្មជាតិជ្រៅរហូតដល់ថ្នាក់នេះដែរ។ ពីដំបូងដៃខ្ញុំបានគិតទុកជាមុនថា ខ្ញុំប្រហែលជានឹងចូលរួមជាមួយមាតាធម្មជាតិត្រឹមកំឡុងខ្ញុំនៅជានិស្សិតតែប៉ុណ្ណោះ លុះខ្ញុំបញ្ចប់ការសិក្សាខ្ញុំនឹងលាឈប់វិញ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំត្រូវសម្រេចចិត្តសារជាថ្មី ថាខ្ញុំនឹងលាឈប់ក្រោយពេលខ្ញុំបញ្ចប់ការសិក្សា ឬបន្តធ្វើរហូតដល់ពេលណាមួយ។
សម្រាប់ខ្ញុំយល់ឃើញថា សព្វថ្ងៃចំនួនចូលរួមរបស់យុវជន និងសាធារណជនគឺនៅមានកម្រិតនៅឡើយ ដូច្នេះខ្ញុំស្នើឲ្យទាំងអស់គ្នាធ្វើការពិចារណាថា បញ្ហាសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិវាគឺជាបញ្ហារបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់ក្រុមណាមួយតែម្នាក់ឯងឡើយ។ ដូច្នេះបើសិនជាយើងទុកឲ្យមនុស្សមួយក្រុមតូចទៅដោះស្រាយបញ្ហាទាំងនោះ វាប្រាកដជាមិនអាចដោះស្រាយបញ្ហាទាំងអស់នោះបានឡើយ។ មិនគួរឲ្យមនុស្សទាំងអស់នេះត្រូវបានគេចោទប្រកាន់ និងរងទុក្ខតែឯងឡើយ។ យើងត្រូវចូលរួមទទួលខុសត្រូវទាំងអស់គ្នា។
ដើម្បីអាចបង្កើនទំនុកចិត្ត និងកាត់បន្ថយភាពភ័យខ្លាចដល់យុវជនថ្មីៗឲ្យចូលរួមជាមួយពួកយើងប្រដោយសេចក្តីក្លាហាន និងផាសុកភាពនោះ ខ្ញុំគិតថាទីមួយយើងត្រូវកសាងទំនាក់ទំនងល្អ និងបង្កើតភាពស្និទស្នាលជាមួយពួកគាត់។ ទី២គឺត្រូវព្យាយាមពន្យល់របស់ផ្តល់វគ្គបណ្តុះបណ្តាលដល់ពួកគាត់ស្តីពីសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ច្បាប់ពាក់ព័ន្ធ និងរដ្ឋធម្មនុញ្ញដែលធានាពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្នុងការចូលរួមយ៉ាងសកម្មជនក្នុងជីវភាព សេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជាតិ។ នៅពេលណាដែលយុវជនមានចំណេះដឹងពីសិទ្ធិ ច្បាប់ និងយល់ដឹងពីបញ្ហាសង្គមយ៉ាងស៊ីជម្រៅ ពេលនោះហើយដែលពួកគាត់មានទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាពដើម្បីចូលរួមការងារជាមួយពួកយើង។





Comments